ភ្លៀងកក់ខែ

ស្ទើ​តែ​ភ្លេច​ទៅ​ហើយ​ថា​ថ្ងៃ​នេះ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​ទី​១។ មែន​ហើយ​ ដោយ​សារ​អា​ខ្វីត (Covid-19) ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​មកធ្វើការ​ទាំង​មេឃ​កំពុង​ភ្លៀង បើ​មិន​ដូច្នេះ​ទេ​ម្លេះ​ខ្ញុំ​កំពុង​តែ​ដេក​អោប​ខ្នើយ ដណ្ដប់​ភួយ យ៉ាង​ស្រួល​ខ្លួន​មិន​ខាន។ ព្រឹក​នេះខ្ញុំគេង​មិន​ចង់​ក្រោក​ទាល់​តែសោះ ព្រោះ​តែ​លង់​លក់​នឹង​សំឡេង​ទឹក​ភ្លៀង​បង្អុរ​មក​ទាំង​ពី​យប់។ មាន​អារម្មណ៍​ថា ខ្ញុំ​ខាន​ស្ដាប់សំឡេង​ទឹក​ភ្លៀង​រណ្ដំ​បែប​នេះ​យូរ​ហើយ។ នេះ​ប្រហែល​ជា​មក​ពី​ខ្ញុំ​ខាន​គេង​លក់​ស្កប់​បែប​នេះ​យូរ​ពេក​ហើយ​ដែរ បាន​ជា​ភ្លៀងមួយ​មេ​នេះ​ធ្វើ​ឲ្យ​អារម្មណ៍​ខ្ញុំ​ធូរ​ស្រាល​ដល់​ម្លឹង។

 

១៣ មេសា ២០២០

ได้พบเธอ (还好遇见你) Fortunately I met you

🙂
ก่อนว่ารักมีเพียงความฝัน
กลับได้พบเมื่อเธอเข้ามา
จับมือเธอ ซบลงตรงข้างกัน
ขออยู่อย่างนั้น เหมือนเวลาไม่หมุนไป
จะไม่ทิ้งเธอไปจากฉัน
จากวันนี้ จนนานแค่ไหน
จะขอ แค่มีเธอข้างกาย
โชคดีแค่ไหน เมื่อหมดใจที่ฉันมีได้พบเธอ

បាយសល់

ជា​រឿង​ដែល​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ តែ​វា​នៅ​ដិត​ជាប់​នៅ​ក្នុង​ខួរ​ក្បាល​និង​ផុស​ឡើង​ភា្លមៗ​នៅ​ពេល​ឃើញ​បាយ​នៅសល់​ក្នុង​ចាន ដែល​ខ្ញុំ​​មិន​ដែល​​បាន​ប្រាប់​នរណា​ទាល់​តែ​សោះ។ តែ​ថ្ងៃនេះ​ខ្ញុំ​បាន​សរសេរ​នៅ​ទីនេះ​ដើម្បី​បង្ហាញ​អារម្មណ៍​ខ្ញុំ។image

ខ្ញុំ​ចាំ​បាន​ថា ​ទោះបី​ជីវភាព​គ្រួសារ​យើង​មិន​សូវ​ធូរធា​នៅ​ពេល​នោះ តែ​ម៉ែ​ក៏​មិន​ដែល​ភ្លេច​ទៅ​លេង​ស្រុក​កំណើត​គាត់​នៅឯ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​សែន​ឆេងម៉េង​ស្ទើរ​រាល់​ឆ្នាំ និង​ជូន​ថវិកា​ខ្លះ​ដល់​យាយ​មិន​ដែល​ខាន។ នៅ​ឆ្នាំ​នោះ(២០០៣) ជា​ឆ្នាំ​ដែល​ខ្ញុំ​ចងចាំ​បំផុត អាច​ថា​ជា​ឆ្នាំ​ដែល​ខ្ញុំ​ដឹង​ក្ដី​ជាង​ឆ្នាំ​មុន​ៗ​ដែលល្មម​ឲ្យ​ខ្ញុំ​ចងចាំ​នូវ​រូបភាព​ជា​ច្រើន​របស់​ម៉ែ​អំឡុង​ពេល​ធ្វើ​ដំណើរ​ជាមួយ​គាត់​ទៅ​កំពង់ស្ពឺ​។ ការ​ធ្វើដំណើរ​នៅ​ពេលនោះ​ពិបាក​ច្រើន ទាំង​ផ្លូវ​ថ្នល់ និងមធ្យោបាយ​ធ្វើ​ដំណើរ ពោល​គឺ​ត្រូវ​ជិះ​ឡាន​តាក់ស៊ី​ពី​មួយតំណាក់​ទៅ​មួយ​តំណាក់​ទម្រាំ​ដល់​ភ្នំពេញ​ប្រហែល​ម៉ោង​១០​យប់​។ ម៉ាក់​ជា​អ្នក​រក​​កន្លែង​ដើម្បី​គេង ហើយ​គាត់​នាំ​ខ្ញុំ​ទៅដល់​កន្លែង​មួយ​តែ​មិន​មែន​ជា​បន្ទប់​គេង​នោះ​ទេ វា​ដូចជា​បន្ទប់​ទទួល​ភ្ញៀវ​តាម​រូបភាព​ដែល​ខ្ញុំ​ចាំ​បាន។ ខ្ញុំ​ខឹង​គាត់ មួរ​ម៉ៅ ហើយឆ្ងល់​ក្នង​ចិត្ត​ថា​ហេតុអី​ម៉ែ​មិន​ទៅ​គេង​ផ្ទះ​សំណាក់ បែរ​ជា​មក​គេង​កន្លែង​បែប​នេះ​ទៅ​វិញ។ ព្រឹក​ថ្ងៃ​បន្ទាប់​យើង​បាន​ចេញ​ដំណើរ​បន្តទៀត​តាម​រយៈ​ឡានតាក់ស៊ី។ ទៅ​ដល់​ផ្សារកំពង់ស្ពឺ ម៉ែ​បានឈៀង​ចូល​រ​ក​ទិញ​របស់​ខ្លះ​ដើម្បី​ផ្ញើ​យាយ​។ ខ្ញុំ​គិត​ក្នុង​ចិត្ត ម៉េច​ក៏​ម៉ែ​មិន​ព្រម​ញ៉ាំ​បាយ​សិន សឹម​ទៅ​ទិញ​អីវ៉ាន់? គាត់​អត់​ឃ្លាន​ទេ? គិត​ហើយ​ខ្ញុំ​ក៏​តម្អូញ​ទៅ​គាត់​បែប​កូនក្មេង​ដោយ​សារ​តែ​ឃ្លាន គាត់​ក៏​ទិញ​បាយ​ឲ្យ​ខ្ញុំ​ញ៉ាំ តែ​បាយ​មាន​​តែ​​មួយ​ចាន​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ។ ​

“ម៉ែ​អត់​ហូប​ទេ?”ខ្ញុំ​សួរ​គាត់

“អត់​ទេ ហូប​ទៅ” គាត់​តប​យ៉ាង​ខ្លី​ហើយ​អង្គុយ​មើល​ខ្ញុំ​ញ៉ាំ

ម៉ែ​ប្រាប់​ខ្ញុំ​ថា​អត់​ឃ្លាន​ទេ តែ​បាយ​ដែល​នៅ​សល់​ក្នុង​ចាន​ខ្ញុំ ម៉ែ​បាន​យក​ទៅ​ហូប​រហូត​អស់​ពី​ចាន។ ខ្ញុំ​ចង់​សួរ​ម៉ែ​នៅ​ពេល​នោះ​ថា “ម៉ែ​ញ៉ាំ​បាយ​សល់​ ម៉ែអត់​ខ្មាស​គេ​ទេ?” “ក្រែង​ម៉ែ​ថា​ម៉ែ​អត់​ឃ្លាន​ទេ?” តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​សំណួរ​ទាំង​នេះ​ទេ។ ខ្ញុំ​បាន​តែ​គិត​ក្នុង​ចិត្ត និង​កាត់​យល់​ដោយ​ខ្លួន​ថា

“ហេតុអី​បាន​ជា​ម៉ែ​​មិន​ជួល​​បន្ទប់​ល្អ​នៅ​ផ្ទះ​សំណាក់​ដើម្បី​គេង?”

“ហេតុអី​បាន​ជា​ម៉ែ​ថា​អ​ត់​ឃ្លាន?”

“ហេតុអី​បាន​ជា​ខ្ញុំ​មិន​មាន​សំលៀក​បំពាក់​ថ្មីៗ?”

គឺ​ម៉ែ​មិន​មាន​លុយ……

ហើយ​មក​ដល់​ពេលនេះ​ខ្ញុំ​យល់​រិត​តែ​ច្បាស់​ពី​ការ​លះបង់​របស់​គាត់​ទម្រាំ​កូន​គ្រប់គ្នា​មក​ដល់​ចំនុច​នេះ។

 

 

ខ្ញុំចង់សម្រាក

ថ្ងៃ​នេះ​ជា​ថ្ងៃ​សៅរ៍​ ខ្ញុំ​នៅ​មុខ​កុំព្យូទ័រ​សរសេរប្លក់មួយនេះទាំងដែលការងារនៅមិនទាន់ចប់នៅឡើយ។ អារម្មណ៍ធ្វើការ​លែងមានទៀតហើយ។ អាចថាអារម្មណ៍ប្រែប្រួលទៅតាមពេលវេលាឬមកពីបញ្ហាអ្វីផ្សេង? ពីមុនទោះបីមានអារម្មណ៍នឿយហត់ខ្លះតែក៏មិនដែលគិតថានឹងចង់ឈប់។ តែមួយរយៈចុងក្រោយនេះ អារម្មណ៍ខ្ញុំប្រែទៅជាឆេវឆាវ តានតឹង ធុញថប់ជាមួយការងាររកថាមិនត្រូវ ដឹងត្រឹមថាចង់សម្រាកខួរក្បាល និងមិនចង់សូម្បីតែនិយាយរកនរណាម្នាក់។

រយៈពេល7​ឆ្នាំ​ដែល​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើការ ទើប​តែ​​ថ្ងៃមុន​នេះទេដែលខ្ញុំបានជ្រួសសម្ដីធ្ងន់ៗ​ទៅ​មិត្ត​រួម​ការងារ​​ទាំងកំហឹង​​។ ទោះបី​ជា​គាត់ទទូលការសុំទោសពីខ្ញុំហើយក្ដី តែអារម្មណ៍នេះនៅតែដិតដាម រអៀសខ្លួនស្ទើតែលែង​ហ៊ានមើល​មុខគាត់។ ខ្ញុំពីមុនដែលចូលចិត្តលេងសើច ស្និទ្ធស្នាលជាមួយគ្រប់គ្នារហូតសង្សារគេប្រច័ណ្ឌ បែរជាមុខ​មិនរីកស្ទើររាល់ថ្ងៃ ខ្ញុំពីមុនដែលតែងតែបបួលគេដើរលេងបែរជាសម្ងំដេកតែក្នុងបន្ទប់ មិត្តភ័ក្រស្ទើរតែភ្លេច​មុខ ខ្ញុំពីមុនដែលចូលចិត្តស្ដាប់ចម្រៀង បែរជាបើក Youtube ចាក់តែសំឡេងទឹកភ្លៀងស្ដាប់ពេលយប់។ ខ្ញុំធ្លាប់បានគិត​ថានឹងកែប្រែស្ថានភាពមួយនេះឲ្យ​ប្រសើរ​ឡើង​ តែខ្ញុំបែរជាមានអារម្មណ៍ថាកំពុងតែបង្ខំ និងដាក់បន្ទុកខ្លួនឯងឲ្យកាន់តែធ្ងន់ទៅ។ តើមាននរណាខ្លះធ្លាប់ជួបស្ថានភាពបែបនេះ ជួយផ្ដល់យោបល់ផង? ឬក៏ខ្ញុំត្រូវបោះបង់ការងារគ្រប់យ៉ាងពិតមែន?

តេស្តរបស់លេងថ្មី

ប្រហែលជាចំណូលចិត្តខាងច្រៀងលេងរបស់ខ្ញុំបង្ហាញខ្លាំងពេកហើយបានជាគាត់គ្រាន់តែដើរកាត់ឃើញរបស់នេះក៏នឹកឃើញដល់ខ្ញុំ ហើយក៏ទិញជាកាដូ ហាហាហា 😆 ។

អរគុណបង អាង សម្រាប់អំណោយ 😀 ។

ស្នេហារន្ទះបាញ់

នៅសុខៗក៏នឹកឃើញរឿងស្នេហាដ៏គួរឲ្យអស់សំណើចរបស់ខ្លួនឯង ខ្ញុំហៅថាស្នេហារន្ទះបាញ់។ វាកើតឡើងឆាប់រហ័សពេកដោយគ្មានបានត្រៀមខ្លួនអ្វីទាំងអស់ប្រៀបដូចផ្លេកបន្ទោរ ហើយបញ្ចប់ទៅវិញត្រឹមពេល១ខែគត់ប្រៀបដូចរន្ទះបាញ់។ ត្បិតត្រឹមរយៈពេលខ្លីតែវាធ្វើឲ្យខ្ញុំគិតរហូតពីពាក្យសម្ដីរបស់គេមុនពេលយើងបែកគ្នា។

យើងស្គាល់គ្នាតាមបណ្ដាញសង្គមមួយ គ្រាដែលខ្ញុំមានបញ្ហាស្មុគស្មាញជាច្រើនមកផ្ទួនៗ។ ហេស គិតមិនដល់ទេថាត្រឹមតែមួយយប់សោះយើងទាំងពីរក៏ក្លាយទៅជាសង្សារនឹងគ្នា។ ជានិស្ស័យមែនទេ? អត់ទេ យើងគ្រាន់តែជួបរឿងដូចគ្នាទើបបានជានិយាយត្រូវគ្នាឆាប់រហ័ស ហើយក៏ចាប់ផ្ដើមឆាប់រហ័សរហូតភ្លេចគិតពីផលអវិជ្ជមាននៅពេលក្រោយ។ មិនខុសពីអ្វីដែលខ្ញុំគិត រឿងរកាំរកូសចេះតែកើតមានរវាងយើងដោយសារតែមានគំនិតជាច្រើនមិនចុះសម្រុងគ្នា តែជានិច្ចជាកាលយើងតែងតែរកដំណោះស្រាយដ៏ប្រសើរនិងបន្តទំនាក់ទំនងយើងទៅមុខទៀត ហើយក៏មិនដែលគិតថានឹងបញ្ចប់វា។ មនុស្សគិតមិនដូចទេវតាគិតមែន យើងទំនាក់ទំនងយើងបានបញ្ចប់ត្រឹម១ខែគត់។ អ្នកណាទៅអាចស្មានដល់ថាមនុស្សមឹសៗ មិនពូកែនិយាយស្ដីពេលជួបគ្នាម្ដងៗ និងមិនហ៊ានមើលមុខគេចំ មិនស្គាល់អ្វីទៅហៅថា Fashion ហើយអ្វីដែលខ្ញុំនៅតែឆ្ងល់និងសួរខ្លួនឯងរហូតថា តើការដែលខ្ញុំមិនផ្អែមល្ហែមនោះពិតជាជះឥទ្ធិពលខ្លាំងដល់ទំនាក់ទំនងយើងខ្លាំងណាស់មែនទេ? គាត់ប្រាប់ខ្ញុំថា ស្នេហាយើងមិនអាចកើនឡើងបានទេបើខ្ញុំនៅតែបែបនេះ។ ចុះបើខ្ញុំនៅតែបែបនេះតើខ្ញុំអាចនឹងមានមនុស្សមកស្រឡាញ់ខ្ញុំទេមែនទេ? ភាពផ្អែមល្ហែមពិតជាសំខាន់ណាស់មែនទេ?

គំនូរសម្រាម

img_0602

សំបកពងទា

សម្រាមគឺជាសំណល់ដែលត្រូវបានគេបោះចោលនៅស្ទើគ្រប់ទីកន្លែង អ្នកមួយចំនួនអាចមើលឃើញថាវាគ្រាន់តែជាសំណល់កខ្វក់ ឬរបស់ឥតប្រយោជន៍ដែលគេមើលរំលង តែក្នុងគំនិតរបស់បងប្រុស ស៊ីឡុងសម្រាមទាំងនោះគឺវត្ថុមានតម្លៃទៅវិញ។

ស្ថិតក្នុងស្ថានភាពលំបាកក្នុងគ្រួសារផង បងប្រុសស៊ីឡុងគឺជនពិការមួយរូបដែលហាក់ដូចត្រូវបានគេរើសអើងនៅក្នុងសង្គមការងារបើទោះបីគាត់បានបញ្ចប់បរិញ្ញាប័ត្រដល់ទៅពីរជំនាញក្ដី(ជំនាញសេដ្ឋកិច្ច និងមួយជំនាញទៀតខ្ញុំអត់បានចាំ ដោយទទូួលបានជំនួយអាហារូបករណ៍) នេះបើតាមសម្ដីដែលគាត់រៀបរាប់ប្រាប់។ ដោយការអស់សង្ឃឹមនឹងការខិតខំស្វែងរកការងារពុំមានលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ គាត់បានសម្រេចចិត្តបោះបង់ចោលហើយរកគំនិតបង្កើតរបរថ្មីដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងនិងមិនចាំបាច់ចំណាយដើមទុន។ ក្នុងនោះគាត់សង្កេតឃើញថាការកើនឡើងនៃសម្រាមដែលត្រូវបានគេបោះចោលពាសវាលពាសកាលនោះនឹងត្រូវបានកាត់បន្ថយបើសិនគាត់យកសម្រាមទាំងនោះមកកែច្នៃឲ្យទៅជាវត្ថុមានតម្លៃដោយពឹងផ្អែកលើទេពកោសល្យពីកំណើតស្រាប់របស់គាត់គឺគំនូរ។ គាត់ចាប់ផ្ដើមគំនូរសម្រាមនេះនៅក្នុងឆ្នាំ២០១០ដោយចាប់ផ្ដើមពីសម្រាមនៅក្បែរផ្ទះរហូតដើរជួបសម្រាមអាចកែច្នៃបាននៅកន្លែងណាគឺប្រមូលយកពីទីកន្លែងនោះ ដែលសម្រាមទាំងនោះអាចជា ក្រដាស សំបកពងទា ស្រកាត្រី ចំបើង អង្កាម សំបកឈើ ថង់ប្លាស្ទីក   កាកអំពៅនិងសម្រាមជាច្រើនទៀត និងចំណាយថវិកាតិចតួចទៅលើថ្នាំពណ៌និងកាវស្អិតសម្រាប់បិតវត្ថុធាតុទាំងនោះ។

មកទល់ពេលនេះគំនូរសម្រាមមានរយៈពេល៦ឆ្នាំហើយក្ដី តែការស្គាល់នៃសិល្បៈគំនូរនេះហាក់ដូចមិនសូវរីកសាយភាយទូលំទូលាយដែលអាចគ្រប់គ្នាបានជ្រាបពីការច្នៃប្រឌិតដ៏កម្រនេះសោះ។ តាមការរៀបរាប់របស់ម្ចាស់គំនូរបានប្រាប់ថា ចំណូលរបស់គាត់ជាមធ្យមអាចបានពី១០០ ទៅ២០០$ក្នុងមួយ ហើយខែខ្លះគ្មានចំណូលក៏មាន ជាហេតុធ្វើឲ្យគ្រួសារគាត់មិនពេញចិត្តនឹងរបរនេះហើយជម្រុញឲ្យគាត់បោះបង់ចោលទៀតផង តែដោយសារការស្រឡាញ់បានជម្រុញទឹកចិត្តគាត់ឲ្យនៅតែបន្តទោះបីខែខ្លះគ្មានចំណូលក្ដី និងការស្ដីបន្ទោសជារឿយៗពីគ្រួសារក្ដី។ គាត់បានបន្ដថា គំនូររបស់គាត់មានការចាប់អារម្មណ៍ភាគច្រើនពីភ្ញៀវបរទេស ចំណែកភ្ញៀវខ្មែរមួយចំនួនហាក់ដូចមិនសូវឲ្យតម្លៃទៅលើសិល្បៈកែច្នៃពីសម្រាមនេះនៅឡើយ ដូចនេះក្រៅពីការពង្រឹងគុណភាព និងសមត្ថភាព គាត់ក៏ចង់ឲ្យប្រជាជនខ្មែរបានយល់ពីការខិតខំប្រឹងប្រែងរបស់គាត់លើសិល្បៈកែច្នៃមួយនេះ ពិសេសឲ្យគ្រប់គ្នាបានស្គាល់ពីសិល្បៈនេះកាន់តែច្រើន។ គួរបញ្ជាក់ផងដែរថា ចំពោះគំនូរខ្នាតតូចប្រើពេលពី១សប្តាហ៍ទៅ១០ថ្ងៃ ឯគំនូរខ្នាតធំប្រើពេលពី១ខែ ទៅ២ខែក៏មានដើម្បីសម្រេចគំនូរមួយផ្ទាំងដើម្បីលក់។

អាចនិយាយបានថា គំនូរសម្រាមគឺជាសិល្បៈគំនូរម្យ៉ាងដែលប្លែកពីគំនូរផ្សេងៗ ដោយការយកសម្រាមមកបិទជាប់គ្នាផ្គុំចេញជារូបរាងគួរឲ្យទាក់ទាញតាមការស្រមៃរបស់ជាង។ ខាងក្រោមនេះគឺជារូបថតខ្លះៗដែលខ្ញុំបានថតទុកពេលទៅលេងគាត់កាលពីសប្ដាហ៍មុន មើលទៅវាហាក់ដូចគំនូរងាយៗ តែពិតនិត្យឲ្យជាក់ទើបដឹងថាវាពិបាក ដូចច្នេះបើបានទៅដល់សៀមរាប ខ្ញុំចង់ណែនាំឲ្យអ្នកទាំងគ្នាឆៀងចូលទៅលេងនិងជួយផ្សព្វផ្សាយគាត់បន្ថែមតាមល្ធភាពពីគំនូរខ្មែរនេះ។ ទីតាំងផ្ទះគំនូរសម្រាមស្ថិតនៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឬអាចទាក់ទងគាត់ផ្ទាល់តាមរយៈ Facebook Page : Silong Original ៕