បាយសល់

ជា​រឿង​ដែល​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ទៅ​ហើយ តែ​វា​នៅ​ដិត​ជាប់​នៅ​ក្នុង​ខួរ​ក្បាល​និង​ផុស​ឡើង​ភា្លមៗ​នៅ​ពេល​ឃើញ​បាយ​នៅសល់​ក្នុង​ចាន ដែល​ខ្ញុំ​​មិន​ដែល​​បាន​ប្រាប់​នរណា​ទាល់​តែ​សោះ។ តែ​ថ្ងៃនេះ​ខ្ញុំ​បាន​សរសេរ​នៅ​ទីនេះ​ដើម្បី​បង្ហាញ​អារម្មណ៍​ខ្ញុំ។image

ខ្ញុំ​ចាំ​បាន​ថា ​ទោះបី​ជីវភាព​គ្រួសារ​យើង​មិន​សូវ​ធូរធា​នៅ​ពេល​នោះ តែ​ម៉ែ​ក៏​មិន​ដែល​ភ្លេច​ទៅ​លេង​ស្រុក​កំណើត​គាត់​នៅឯ​ខេត្ត​កំពង់ស្ពឺ​ដើម្បី​សែន​ឆេងម៉េង​ស្ទើរ​រាល់​ឆ្នាំ និង​ជូន​ថវិកា​ខ្លះ​ដល់​យាយ​មិន​ដែល​ខាន។ នៅ​ឆ្នាំ​នោះ(២០០៣) ជា​ឆ្នាំ​ដែល​ខ្ញុំ​ចងចាំ​បំផុត អាច​ថា​ជា​ឆ្នាំ​ដែល​ខ្ញុំ​ដឹង​ក្ដី​ជាង​ឆ្នាំ​មុន​ៗ​ដែលល្មម​ឲ្យ​ខ្ញុំ​ចងចាំ​នូវ​រូបភាព​ជា​ច្រើន​របស់​ម៉ែ​អំឡុង​ពេល​ធ្វើ​ដំណើរ​ជាមួយ​គាត់​ទៅ​កំពង់ស្ពឺ​។ ការ​ធ្វើដំណើរ​នៅ​ពេលនោះ​ពិបាក​ច្រើន ទាំង​ផ្លូវ​ថ្នល់ និងមធ្យោបាយ​ធ្វើ​ដំណើរ ពោល​គឺ​ត្រូវ​ជិះ​ឡាន​តាក់ស៊ី​ពី​មួយតំណាក់​ទៅ​មួយ​តំណាក់​ទម្រាំ​ដល់​ភ្នំពេញ​ប្រហែល​ម៉ោង​១០​យប់​។ ម៉ាក់​ជា​អ្នក​រក​​កន្លែង​ដើម្បី​គេង ហើយ​គាត់​នាំ​ខ្ញុំ​ទៅដល់​កន្លែង​មួយ​តែ​មិន​មែន​ជា​បន្ទប់​គេង​នោះ​ទេ វា​ដូចជា​បន្ទប់​ទទួល​ភ្ញៀវ​តាម​រូបភាព​ដែល​ខ្ញុំ​ចាំ​បាន។ ខ្ញុំ​ខឹង​គាត់ មួរ​ម៉ៅ ហើយឆ្ងល់​ក្នង​ចិត្ត​ថា​ហេតុអី​ម៉ែ​មិន​ទៅ​គេង​ផ្ទះ​សំណាក់ បែរ​ជា​មក​គេង​កន្លែង​បែប​នេះ​ទៅ​វិញ។ ព្រឹក​ថ្ងៃ​បន្ទាប់​យើង​បាន​ចេញ​ដំណើរ​បន្តទៀត​តាម​រយៈ​ឡានតាក់ស៊ី។ ទៅ​ដល់​ផ្សារកំពង់ស្ពឺ ម៉ែ​បានឈៀង​ចូល​រ​ក​ទិញ​របស់​ខ្លះ​ដើម្បី​ផ្ញើ​យាយ​។ ខ្ញុំ​គិត​ក្នុង​ចិត្ត ម៉េច​ក៏​ម៉ែ​មិន​ព្រម​ញ៉ាំ​បាយ​សិន សឹម​ទៅ​ទិញ​អីវ៉ាន់? គាត់​អត់​ឃ្លាន​ទេ? គិត​ហើយ​ខ្ញុំ​ក៏​តម្អូញ​ទៅ​គាត់​បែប​កូនក្មេង​ដោយ​សារ​តែ​ឃ្លាន គាត់​ក៏​ទិញ​បាយ​ឲ្យ​ខ្ញុំ​ញ៉ាំ តែ​បាយ​មាន​​តែ​​មួយ​ចាន​សម្រាប់​ខ្ញុំ​ប៉ុណ្ណោះ។ ​

“ម៉ែ​អត់​ហូប​ទេ?”ខ្ញុំ​សួរ​គាត់

“អត់​ទេ ហូប​ទៅ” គាត់​តប​យ៉ាង​ខ្លី​ហើយ​អង្គុយ​មើល​ខ្ញុំ​ញ៉ាំ

ម៉ែ​ប្រាប់​ខ្ញុំ​ថា​អត់​ឃ្លាន​ទេ តែ​បាយ​ដែល​នៅ​សល់​ក្នុង​ចាន​ខ្ញុំ ម៉ែ​បាន​យក​ទៅ​ហូប​រហូត​អស់​ពី​ចាន។ ខ្ញុំ​ចង់​សួរ​ម៉ែ​នៅ​ពេល​នោះ​ថា “ម៉ែ​ញ៉ាំ​បាយ​សល់​ ម៉ែអត់​ខ្មាស​គេ​ទេ?” “ក្រែង​ម៉ែ​ថា​ម៉ែ​អត់​ឃ្លាន​ទេ?” តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​សំណួរ​ទាំង​នេះ​ទេ។ ខ្ញុំ​បាន​តែ​គិត​ក្នុង​ចិត្ត និង​កាត់​យល់​ដោយ​ខ្លួន​ថា

“ហេតុអី​បាន​ជា​ម៉ែ​​មិន​ជួល​​បន្ទប់​ល្អ​នៅ​ផ្ទះ​សំណាក់​ដើម្បី​គេង?”

“ហេតុអី​បាន​ជា​ម៉ែ​ថា​អ​ត់​ឃ្លាន?”

“ហេតុអី​បាន​ជា​ខ្ញុំ​មិន​មាន​សំលៀក​បំពាក់​ថ្មីៗ?”

គឺ​ម៉ែ​មិន​មាន​លុយ……

ហើយ​មក​ដល់​ពេលនេះ​ខ្ញុំ​យល់​រិត​តែ​ច្បាស់​ពី​ការ​លះបង់​របស់​គាត់​ទម្រាំ​កូន​គ្រប់គ្នា​មក​ដល់​ចំនុច​នេះ។

 

 

ខ្ញុំចង់សម្រាក

ថ្ងៃ​នេះ​ជា​ថ្ងៃ​សៅរ៍​ ខ្ញុំ​នៅ​មុខ​កុំព្យូទ័រ​សរសេរប្លក់មួយនេះទាំងដែលការងារនៅមិនទាន់ចប់នៅឡើយ។ អារម្មណ៍ធ្វើការ​លែងមានទៀតហើយ។ ពីមុនទោះបីមានអារម្មណ៍នឿយហត់ខ្លះតែក៏មិនដែលគិតថានឹងចង់ឈប់។ តែមួយរយៈចុងក្រោយនេះ គ្រាន់តែឈានជើងចូលដល់កៅអីធ្វើការភ្លាម មុខខ្ញុំចាប់ផ្ដើមមានចំហាយក្ដៅភាយ ដូចពាំកំហឹងមកពីណាក៏មិនដឹង។ អារម្មណ៍ខ្ញុំប្រែទៅជាឆេវឆាវ តានតឹង ធុញថប់ជាមួយការងាររកថាមិនត្រូវ ដឹងត្រឹមថាចង់សម្រាកខួរក្បាល និងមិនចង់សូម្បីតែនិយាយរកនរណាម្នាក់។

ខ្ញុំពីមុនដែលចូលចិត្តលេងសើច ស្និទ្ធស្នាលជាមួយគ្រប់គ្នារហូតសង្សារគេប្រច័ណ្ឌ បែរជាមុខ​មិនរីកស្ទើររាល់ថ្ងៃ ខ្ញុំពីមុនដែលតែងតែបបួលគេដើរលេងបែរជាសម្ងំដេកតែក្នុងបន្ទប់ មិត្តភ័ក្រស្ទើរតែភ្លេច​មុខ ខ្ញុំពីមុនដែលចូលចិត្តស្ដាប់ចម្រៀង បែរជាបើក Youtube ចាក់តែសំឡេងទឹកភ្លៀងស្ដាប់ពេលយប់។ ខ្ញុំធ្លាប់បានគិត​ថានឹងកែប្រែស្ថានភាពមួយនេះឲ្យ​ប្រសើរ​ឡើង​ តែខ្ញុំបែរជាមានអារម្មណ៍ថាកំពុងតែបង្ខំ និងដាក់បន្ទុកខ្លួនឯងឲ្យកាន់តែធ្ងន់ទៅ។ តើមាននរណាខ្លះធ្លាប់ជួបស្ថានភាពបែបនេះ ជួយផ្ដល់យោបល់ផង? ឬក៏ខ្ញុំត្រូវបោះបង់ការងារគ្រប់យ៉ាងពិតមែន?

តេស្តរបស់លេងថ្មី

ប្រហែលជាចំណូលចិត្តខាងច្រៀងលេងរបស់ខ្ញុំបង្ហាញខ្លាំងពេកហើយបានជាគាត់គ្រាន់តែដើរកាត់ឃើញរបស់នេះក៏នឹកឃើញដល់ខ្ញុំ ហើយក៏ទិញជាកាដូ ហាហាហា 😆 ។

អរគុណបង អាង សម្រាប់អំណោយ 😀 ។

ស្នេហារន្ទះបាញ់

នៅសុខៗក៏នឹកឃើញរឿងស្នេហាដ៏គួរឲ្យអស់សំណើចរបស់ខ្លួនឯង ខ្ញុំហៅថាស្នេហារន្ទះបាញ់។ វាកើតឡើងឆាប់រហ័សពេកដោយគ្មានបានត្រៀមខ្លួនអ្វីទាំងអស់ប្រៀបដូចផ្លេកបន្ទោរ ហើយបញ្ចប់ទៅវិញត្រឹមពេល១ខែគត់ប្រៀបដូចរន្ទះបាញ់។ ត្បិតត្រឹមរយៈពេលខ្លីតែវាធ្វើឲ្យខ្ញុំគិតរហូតពីពាក្យសម្ដីរបស់គេមុនពេលយើងបែកគ្នា។

យើងស្គាល់គ្នាតាមបណ្ដាញសង្គមមួយ គ្រាដែលខ្ញុំមានបញ្ហាស្មុគស្មាញជាច្រើនមកផ្ទួនៗ។ ហេស គិតមិនដល់ទេថាត្រឹមតែមួយយប់សោះយើងទាំងពីរក៏ក្លាយទៅជាសង្សារនឹងគ្នា។ ជានិស្ស័យមែនទេ? អត់ទេ យើងគ្រាន់តែជួបរឿងដូចគ្នាទើបបានជានិយាយត្រូវគ្នាឆាប់រហ័ស ហើយក៏ចាប់ផ្ដើមឆាប់រហ័សរហូតភ្លេចគិតពីផលអវិជ្ជមាននៅពេលក្រោយ។ មិនខុសពីអ្វីដែលខ្ញុំគិត រឿងរកាំរកូសចេះតែកើតមានរវាងយើងដោយសារតែមានគំនិតជាច្រើនមិនចុះសម្រុងគ្នា តែជានិច្ចជាកាលយើងតែងតែរកដំណោះស្រាយដ៏ប្រសើរនិងបន្តទំនាក់ទំនងយើងទៅមុខទៀត ហើយក៏មិនដែលគិតថានឹងបញ្ចប់វា។ មនុស្សគិតមិនដូចទេវតាគិតមែន យើងទំនាក់ទំនងយើងបានបញ្ចប់ត្រឹម១ខែគត់។ អ្នកណាទៅអាចស្មានដល់ថាមនុស្សមឹសៗ មិនពូកែនិយាយស្ដីពេលជួបគ្នាម្ដងៗ និងមិនហ៊ានមើលមុខគេចំ មិនស្គាល់អ្វីទៅហៅថា Fashion ហើយអ្វីដែលខ្ញុំនៅតែឆ្ងល់និងសួរខ្លួនឯងរហូតថា តើការដែលខ្ញុំមិនផ្អែមល្ហែមនោះពិតជាជះឥទ្ធិពលខ្លាំងដល់ទំនាក់ទំនងយើងខ្លាំងណាស់មែនទេ? គាត់ប្រាប់ខ្ញុំថា ស្នេហាយើងមិនអាចកើនឡើងបានទេបើខ្ញុំនៅតែបែបនេះ។ ចុះបើខ្ញុំនៅតែបែបនេះតើខ្ញុំអាចនឹងមានមនុស្សមកស្រឡាញ់ខ្ញុំទេមែនទេ? ភាពផ្អែមល្ហែមពិតជាសំខាន់ណាស់មែនទេ?

គំនូរសម្រាម

img_0602

សំបកពងទា

សម្រាមគឺជាសំណល់ដែលត្រូវបានគេបោះចោលនៅស្ទើគ្រប់ទីកន្លែង អ្នកមួយចំនួនអាចមើលឃើញថាវាគ្រាន់តែជាសំណល់កខ្វក់ ឬរបស់ឥតប្រយោជន៍ដែលគេមើលរំលង តែក្នុងគំនិតរបស់បងប្រុស ស៊ីឡុងសម្រាមទាំងនោះគឺវត្ថុមានតម្លៃទៅវិញ។

ស្ថិតក្នុងស្ថានភាពលំបាកក្នុងគ្រួសារផង បងប្រុសស៊ីឡុងគឺជនពិការមួយរូបដែលហាក់ដូចត្រូវបានគេរើសអើងនៅក្នុងសង្គមការងារបើទោះបីគាត់បានបញ្ចប់បរិញ្ញាប័ត្រដល់ទៅពីរជំនាញក្ដី(ជំនាញសេដ្ឋកិច្ច និងមួយជំនាញទៀតខ្ញុំអត់បានចាំ ដោយទទូួលបានជំនួយអាហារូបករណ៍) នេះបើតាមសម្ដីដែលគាត់រៀបរាប់ប្រាប់។ ដោយការអស់សង្ឃឹមនឹងការខិតខំស្វែងរកការងារពុំមានលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ គាត់បានសម្រេចចិត្តបោះបង់ចោលហើយរកគំនិតបង្កើតរបរថ្មីដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងនិងមិនចាំបាច់ចំណាយដើមទុន។ ក្នុងនោះគាត់សង្កេតឃើញថាការកើនឡើងនៃសម្រាមដែលត្រូវបានគេបោះចោលពាសវាលពាសកាលនោះនឹងត្រូវបានកាត់បន្ថយបើសិនគាត់យកសម្រាមទាំងនោះមកកែច្នៃឲ្យទៅជាវត្ថុមានតម្លៃដោយពឹងផ្អែកលើទេពកោសល្យពីកំណើតស្រាប់របស់គាត់គឺគំនូរ។ គាត់ចាប់ផ្ដើមគំនូរសម្រាមនេះនៅក្នុងឆ្នាំ២០១០ដោយចាប់ផ្ដើមពីសម្រាមនៅក្បែរផ្ទះរហូតដើរជួបសម្រាមអាចកែច្នៃបាននៅកន្លែងណាគឺប្រមូលយកពីទីកន្លែងនោះ ដែលសម្រាមទាំងនោះអាចជា ក្រដាស សំបកពងទា ស្រកាត្រី ចំបើង អង្កាម សំបកឈើ ថង់ប្លាស្ទីក   កាកអំពៅនិងសម្រាមជាច្រើនទៀត និងចំណាយថវិកាតិចតួចទៅលើថ្នាំពណ៌និងកាវស្អិតសម្រាប់បិតវត្ថុធាតុទាំងនោះ។

មកទល់ពេលនេះគំនូរសម្រាមមានរយៈពេល៦ឆ្នាំហើយក្ដី តែការស្គាល់នៃសិល្បៈគំនូរនេះហាក់ដូចមិនសូវរីកសាយភាយទូលំទូលាយដែលអាចគ្រប់គ្នាបានជ្រាបពីការច្នៃប្រឌិតដ៏កម្រនេះសោះ។ តាមការរៀបរាប់របស់ម្ចាស់គំនូរបានប្រាប់ថា ចំណូលរបស់គាត់ជាមធ្យមអាចបានពី១០០ ទៅ២០០$ក្នុងមួយ ហើយខែខ្លះគ្មានចំណូលក៏មាន ជាហេតុធ្វើឲ្យគ្រួសារគាត់មិនពេញចិត្តនឹងរបរនេះហើយជម្រុញឲ្យគាត់បោះបង់ចោលទៀតផង តែដោយសារការស្រឡាញ់បានជម្រុញទឹកចិត្តគាត់ឲ្យនៅតែបន្តទោះបីខែខ្លះគ្មានចំណូលក្ដី និងការស្ដីបន្ទោសជារឿយៗពីគ្រួសារក្ដី។ គាត់បានបន្ដថា គំនូររបស់គាត់មានការចាប់អារម្មណ៍ភាគច្រើនពីភ្ញៀវបរទេស ចំណែកភ្ញៀវខ្មែរមួយចំនួនហាក់ដូចមិនសូវឲ្យតម្លៃទៅលើសិល្បៈកែច្នៃពីសម្រាមនេះនៅឡើយ ដូចនេះក្រៅពីការពង្រឹងគុណភាព និងសមត្ថភាព គាត់ក៏ចង់ឲ្យប្រជាជនខ្មែរបានយល់ពីការខិតខំប្រឹងប្រែងរបស់គាត់លើសិល្បៈកែច្នៃមួយនេះ ពិសេសឲ្យគ្រប់គ្នាបានស្គាល់ពីសិល្បៈនេះកាន់តែច្រើន។ គួរបញ្ជាក់ផងដែរថា ចំពោះគំនូរខ្នាតតូចប្រើពេលពី១សប្តាហ៍ទៅ១០ថ្ងៃ ឯគំនូរខ្នាតធំប្រើពេលពី១ខែ ទៅ២ខែក៏មានដើម្បីសម្រេចគំនូរមួយផ្ទាំងដើម្បីលក់។

អាចនិយាយបានថា គំនូរសម្រាមគឺជាសិល្បៈគំនូរម្យ៉ាងដែលប្លែកពីគំនូរផ្សេងៗ ដោយការយកសម្រាមមកបិទជាប់គ្នាផ្គុំចេញជារូបរាងគួរឲ្យទាក់ទាញតាមការស្រមៃរបស់ជាង។ ខាងក្រោមនេះគឺជារូបថតខ្លះៗដែលខ្ញុំបានថតទុកពេលទៅលេងគាត់កាលពីសប្ដាហ៍មុន មើលទៅវាហាក់ដូចគំនូរងាយៗ តែពិតនិត្យឲ្យជាក់ទើបដឹងថាវាពិបាក ដូចច្នេះបើបានទៅដល់សៀមរាប ខ្ញុំចង់ណែនាំឲ្យអ្នកទាំងគ្នាឆៀងចូលទៅលេងនិងជួយផ្សព្វផ្សាយគាត់បន្ថែមតាមល្ធភាពពីគំនូរខ្មែរនេះ។ ទីតាំងផ្ទះគំនូរសម្រាមស្ថិតនៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឬអាចទាក់ទងគាត់ផ្ទាល់តាមរយៈ Facebook Page : Silong Original ៕

ក្ដាតឡាតង់ -KDARD LA TENTE

14991451_1225357027539797_3905247668307224461_o

ក្ដាតឡាតង់ (រូបថងពីFB KDART LA TENT)

ក្ដាត​សំដៅ​ដល់​ភូមិ​ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​ឈូក​នៃ​ខេត្ត​កំពត​ដែល​នៅ​ក្បែរ​នឹង​ជើង​ភ្នំបូកគោ ភ្ជាប់​ជាមួយ​នឹងពាក្យ​ឡាតង់​ជា​ភាសា​បារាំង​មាន​ន័យ​ថា​តង់ សរុប​មក​ពាក្យ​ថា​ក្ដាត​ឡាតង់​គឺ​សម្ដៅ​ដល់​តំបន់​មួយ​ដែល​ត្រូវ​បាន​កែច្នៃឡើង​សម្រាប់​សម្រាក​លំហែ​បែប​ធម្មជាតិ​ជាមួយ​នឹង​ការ​បោះតង់​នៅ​លើ​វាលស្មៅ​ជាប់​នឹង​សមុទ្រ​ដែល​អាច​មើលឃើញ​ទិដ្ឋាភាព​នៃ​កោះ​ត្រល់​និង​ជើង​ភ្នំ​បូកគោ​ទៀត​ផង។ ដូច្នេះអត្ថបទខ្ញុំថ្ងៃនេះ ចង់និយាយពីដំណើរកម្សាន្តរបស់ខ្ញុំកាលពីខែមុន (ទើបតែនឹកឃើញមកយកសរសេរ ហាហា😆 ) ។

វាជាបទពិសោធន៍ថ្មីមួទៀតសម្រាប់ខ្ញុំដែលមានដំណើរកម្សាន្តបែបបោះតង់នៅលើវាលស្មៅបែបនេះ ទើបខ្ញុំចង់យកមកសរសរដើម្បីចែករំលែកសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តនាចុងសប្តាហ៍ ហើយចង់សាកល្បងអ្វីដែលថ្មី។ ដើម្បីទៅដល់ទីនោះត្រូវចំណាយពេលកន្លះថ្ងៃ(ពីភ្នំពេញ) ធ្វើដំណើរតាមផ្លូវជាតិលេខ៣ហួសក្រុងកំពតប្រមាណ២០គីឡូម៉ែត្រត្រង់បង្គោលគីឡូលេខ១៦៩ ដែលគេហៅថាភូមិក្ដាត។ ទៅដល់ទីនោះនឹងមានអ្នកនាំផ្លូវម្នាក់ចាំទទួលយើងនៅទីនោះ ហើយគាត់ក៏ជាអ្នកចាត់ចែងសេវាកម្មគ្រប់បែបយ៉ាងទាំងការហូបចុក៣ពេល ស្នាក់នៅក្នុងតង់ និងនាំដើរលេងនៅតំបន់នានាក្នុងភូមិនោះ (និយាយទៅយើងចាំតែស្រូល😆 )។ ចូលផុតរបងយើងនឹងឃើញមានតង់បោះរប៉េះរប៉ោះយ៉ាងមានសណ្ដាប់ធ្លាប់នៅលើវាលស្មៅខៀវខ្ចីចាំទទួលពួកយើង មានផ្ទះសម្រាកមួយរបស់អ្នកប្រចាំការនៅទីនោះនៅចំកណ្ដាលទីធ្លា និងព័ទ្ធជុំវិញដោយដើមដូងនិងដើមត្របែកគួរជាទីមនោរម្យថែមទាំងអាចបេះញ៉ាំបានសេរីទៀតផង។ ចុះទៅខាងក្រោមបន្តិចយើងឃើញមានស្ពានមួយសង់លយទៅក្នុងសមុទ្រសម្រាប់ស្រូបយកខ្យល់ជំនោរសមុទ្រ គេងស្ដាប់សំឡេងទឹករលក និងមើលឃើញកោះត្រល់យ៉ាងពេញភ្នែក។ ស្ដាប់ការរៀបរាប់ប៉ុននេះមានអារម្មណ៍ថាចង់មកលេងខ្លះនៅ? ហេហេ អត់ទាន់អស់ទេតែសូមនិយាយពីសេវាកម្មនៅទីនោះវិញម្ដង។ ទៅដល់ទីនោះអាចជាម៉ោងប្រហែល១១ថ្ងៃត្រង់ជាពេលដែលត្រូវទទួលទានបាយថ្ងៃត្រង់ល្មម ដូចនេះយើងអាចមានជម្រើស២សម្រាប់ការទទួលទានអាហារថ្ងៃត្រង់របស់ពួកយើងដែលរៀបចំជាស្រេចពីអ្នកសហគមន៍នៅទីនោះ។ ជម្រើសទីមួយគឺបាយថ្ងៃត្រង់នោះក្នុងបរិវេណក្ដាតឡាតង់ និងមួយទៀតគឺយើងអាចទទួលទានអាហារនៅកន្លែងលេងទឹកដែលជាអាងទឹកធម្មជាតិមួយកែច្នៃដោយអ្នកភូមិក្ដាតតែម្ដង។ អ្នកនៅទីនោះបានអោយឈ្មោះវាថាទឹកធ្លាក់ក្ដាត ដោយសារវាមានទឹកហូរធ្លាក់ពីភ្នំមកហើយស្តុកនៅអាងដែលអ្នកភូមិបានយកថ្មមកដាក់បន្តុបខ័ណ្ឌចេញជាអាងទឹកយ៉ាងថ្លាយ៉ង់ឆ្លុះឃើញដល់បាតដី។ ចេញពីកន្លែងលេងទឹកនារសៀលថ្ងៃជ្រេរបន្តិច យើងអាចបន្តទៅលេងនៅភូមិនៅក្បែរនោះនិងគយគន់ទេសភាពនៅតាមបណ្ដោយផ្លូវរថភ្លើង ផ្ដិតយករូបភាពដ៏ស្រស់ត្រកាលនារសៀលថ្ងៃជ្រេរៀបអស្ដង្គត។ បន្ដមកដល់បរិវេណក្ដាតឡាតង់នាពេលរាត្រីយើងវិញ យើងឃើញមានភ្នក់ភ្លើងធំមួយ តុវែងមួយ និងចង្រ្កានអាំងសាច់រួមជាមួយអាហារសមុទ្រស្រស់ៗដែលរៀបចំសម្រាប់BBQពេលល្ងាចរបស់ពួកយើង ដូច្នេះយើងអាចរៀបចំកម្មវិធីសប្បាយតាមឥតដែនកំណត់រាត្រីនោះ😀 ។ អូហ៍ នៅមានទៀតបន្ទាប់ពីទទួលអាហារពេលល្ងាចហើយ យើងក៏អាចទៅទទួលយកបទពិសោធន៍ថ្មីមួយទៀតជាមួយនឹងការចាក់បង្គាពីសមុទ្រមកអាំងភ្លាមៗក៏បានដែរដែលបុគ្គលិកនៅទីនោះរៀបចំជាស្រេចសម្រាប់ពួកយើងនូវឧបរណ៍មានស្ន និងកែវឆ្លុះបើសិនជាយើងមានចំណាប់អារម្មណ៍ តែបើអត់ទេក៏បន្តចូលគេងក្នុងតង់ដ៏មានក្ដីសុខ រង់ចាំថ្ងៃថ្មីដើម្បីបន្តដំណើរទៅមើលអ្វីដែលថ្មីនាព្រឹកស្អែក។ ចូលដល់ថ្ងៃទី២បន្ទាប់ទទួលទានអាហារពេលព្រឹករួចម៉ោងប្រហែល៨ អ្នកនាំផ្លូវនឹងនាំពួកយើងទៅលេងភូមិនេសាទដោយធ្វើដំតាមទូកដរ មើលពីការប្រកបរបររបស់ពួកគាត់ និងការចិញ្ចឹមត្រីនៅក្នុងសមុទ្រជាដើម។ ចេញផុតពីភូមិនេសាទ យើងបន្តដំណើរដោយថ្មើជើងទៅមើលដំណាក់ស្ដេចដែលជាគោលដៅចុងក្រោយនាថ្ងៃទី២ តែស្ដាយត្រង់ថាខ្ញុំអត់ដឹងពីប្រវត្តិនៃដំណាក់ស្ដេចនោះទេ បើសិនជាអ្នកទាំងអស់គ្នាបានទៅអាចសួរគេអ្នកនៅម្ដុំនោះ ឬសួរអ្នកនាំផ្លូវយើងក៏បាន តែពេលនេះខ្ញុំមានតែរូបថតសម្រាប់ចែករំលែកនៅខាងក្រោមប៉ុណ្ណោះ។ ចេញពីដំណាក់ស្ដេចម៉ោងប្រហែល១១ថ្ងៃត្រង់ ជាពេលដែលយើងត្រូវរើបង្វិចលាក្ដាតឡាតង់បន្តទៅរកអាហារថ្ងៃត្រង់ដោយខ្លួនឯងមុនត្រឡប់ទៅភ្នំពេញវិញ ហើយបេសកកម្មយើងក៏បញ្ចប់ត្រឹមប៉ុណ្ណេះ🙂 ។

ជារួមក្ដាតឡាតង់ជាជម្រើសមួយសម្រាប់អ្នកដែលចូលចិត្តសមុទ្រ ចូលចិត្តធម្មជាតិនិងភាពស្ងប់ស្ងាត់ដើម្បីសម្រាកលំហែនាពេលចុងសប្ដាហ៍៕

This slideshow requires JavaScript.

ទាត់ខ្យល់

យូរៗម្ដងបានមកអើតទីនេះហើយក៏ឆ្លៀតសរសេររអ៊ូពីខ្លួនឯងប្រាប់អ្នកជិតខាងយើង ហើយមើលទៅដូចជាគ្មានអីសរសេរក្រៅពីហែកកេរ្តិ៍ខ្លួនឯងទេខ្ញុំ 😀 ។ រំឮកកាលពីអត្ថបទមុននាចុងឆ្នាំ២០១៥ខ្ញុំបានសរសេរពីការលាលែងពីការងារ ហើយនៅពេលនេះនៅវិលវល់នឹងរឿងការងារដដែល គ្រាន់តែលើកនេះខុសពីលើកមុនត្រង់ថា លើកនេះគេដេញក្បាលចេញ មិនមែនលាលែងទេ ( 😮 ធ្ងន់ធ្ងរម្លេះ ធ្វើការរហូតគេដេញក្បាលចេញ)។ ហ៊ឺយ និយាយលេងទេ 😆 ការពិតទៅអាចមានរឿងរ៉ាវខ្លះដែលយើងមិនដឹងទាក់ទងនឹងបញ្ហាបិទទ្វាររោងចក្រនេះ ដែលតម្រូវឲ្យកាត់បុគ្គលឹកពាក់កណ្ដាលចេញ ក្នុងចំណោមនោះដោយទាំងខ្ញុំដែរ 😀 ។ ក៏ម្យ៉ាងដែរ ទាត់ខ្យល់បែបនេះមួយរយៈទៅ មិនចាំបាច់មកអង្គុយស្មុគនៅមុខកុំព្យូទ័រយូរៗស្ទើកើតឬសដូងបាត ធ្ងន់ក្បាលនឹងរឿងរ៉ាវរញ៉េរញ៉ៃពីខាងផលិតកម្ម សំឡេងស្រែកខ្លាំងៗពីជនជាតិចិនទាំងនោះ ពិតជាធូរស្រាលមែនទែន។ មកទល់ពេលនេះខ្ញុំទាត់ខ្យល់បានជិតមួយខែហើយ និងកំពុងតែរកការងារថ្មីបណ្ដើរៗ (ព្រោះខ្លាចលែងមានអីស៊ី) ហើយការហៅសម្ភាសន៍ក៏មានជាហូរហែតែអត់មានខាងណាហៅទៅធ្វើការសោះ ឯសំបុត្រអញ្ជើញក៏មកជាបន្តបន្ទាប់ស្របពេលជិតដាច់យ៉ៃទៀត។ ខ្ញុំរអ៊ូតែប៉ុណ្ណឹងទេ so sad dear 😥 ។