ជារឿងដែលកន្លងទៅជាច្រើនឆ្នាំទៅហើយ តែវានៅដិតជាប់នៅក្នុងខួរក្បាលនិងផុសឡើងភា្លមៗនៅពេលឃើញបាយនៅសល់ក្នុងចាន ដែលខ្ញុំមិនដែលបានប្រាប់នរណាទាល់តែសោះ។ តែថ្ងៃនេះខ្ញុំបានសរសេរនៅទីនេះដើម្បីបង្ហាញអារម្មណ៍ខ្ញុំ។
ខ្ញុំចាំបានថា ទោះបីជីវភាពគ្រួសារយើងមិនសូវធូរធានៅពេលនោះ តែម៉ែក៏មិនដែលភ្លេចទៅលេងស្រុកកំណើតគាត់នៅឯខេត្តកំពង់ស្ពឺដើម្បីសែនឆេងម៉េងស្ទើររាល់ឆ្នាំ និងជូនថវិកាខ្លះដល់យាយមិនដែលខាន។ នៅឆ្នាំនោះ(២០០៣) ជាឆ្នាំដែលខ្ញុំចងចាំបំផុត អាចថាជាឆ្នាំដែលខ្ញុំដឹងក្ដីជាងឆ្នាំមុនៗដែលល្មមឲ្យខ្ញុំចងចាំនូវរូបភាពជាច្រើនរបស់ម៉ែអំឡុងពេលធ្វើដំណើរជាមួយគាត់ទៅកំពង់ស្ពឺ។ ការធ្វើដំណើរនៅពេលនោះពិបាកច្រើន ទាំងផ្លូវថ្នល់ និងមធ្យោបាយធ្វើដំណើរ ពោលគឺត្រូវជិះឡានតាក់ស៊ីពីមួយតំណាក់ទៅមួយតំណាក់ទម្រាំដល់ភ្នំពេញប្រហែលម៉ោង១០យប់។ ម៉ាក់ជាអ្នករកកន្លែងដើម្បីគេង ហើយគាត់នាំខ្ញុំទៅដល់កន្លែងមួយតែមិនមែនជាបន្ទប់គេងនោះទេ វាដូចជាបន្ទប់ទទួលភ្ញៀវតាមរូបភាពដែលខ្ញុំចាំបាន។ ខ្ញុំខឹងគាត់ មួរម៉ៅ ហើយឆ្ងល់ក្នងចិត្តថាហេតុអីម៉ែមិនទៅគេងផ្ទះសំណាក់ បែរជាមកគេងកន្លែងបែបនេះទៅវិញ។ ព្រឹកថ្ងៃបន្ទាប់យើងបានចេញដំណើរបន្តទៀតតាមរយៈឡានតាក់ស៊ី។ ទៅដល់ផ្សារកំពង់ស្ពឺ ម៉ែបានឈៀងចូលរកទិញរបស់ខ្លះដើម្បីផ្ញើយាយ។ ខ្ញុំគិតក្នុងចិត្ត ម៉េចក៏ម៉ែមិនព្រមញ៉ាំបាយសិន សឹមទៅទិញអីវ៉ាន់? គាត់អត់ឃ្លានទេ? គិតហើយខ្ញុំក៏តម្អូញទៅគាត់បែបកូនក្មេងដោយសារតែឃ្លាន គាត់ក៏ទិញបាយឲ្យខ្ញុំញ៉ាំ តែបាយមានតែមួយចានសម្រាប់ខ្ញុំប៉ុណ្ណោះ។
“ម៉ែអត់ហូបទេ?”ខ្ញុំសួរគាត់
“អត់ទេ ហូបទៅ” គាត់តបយ៉ាងខ្លីហើយអង្គុយមើលខ្ញុំញ៉ាំ
ម៉ែប្រាប់ខ្ញុំថាអត់ឃ្លានទេ តែបាយដែលនៅសល់ក្នុងចានខ្ញុំ ម៉ែបានយកទៅហូបរហូតអស់ពីចាន។ ខ្ញុំចង់សួរម៉ែនៅពេលនោះថា “ម៉ែញ៉ាំបាយសល់ ម៉ែអត់ខ្មាសគេទេ?” “ក្រែងម៉ែថាម៉ែអត់ឃ្លានទេ?” តែខ្ញុំមិនហ៊ានសួរសំណួរទាំងនេះទេ។ ខ្ញុំបានតែគិតក្នុងចិត្ត និងកាត់យល់ដោយខ្លួនថា
“ហេតុអីបានជាម៉ែមិនជួលបន្ទប់ល្អនៅផ្ទះសំណាក់ដើម្បីគេង?”
“ហេតុអីបានជាម៉ែថាអត់ឃ្លាន?”
“ហេតុអីបានជាខ្ញុំមិនមានសំលៀកបំពាក់ថ្មីៗ?”
គឺម៉ែមិនមានលុយ……
ហើយមកដល់ពេលនេះខ្ញុំយល់រិតតែច្បាស់ពីការលះបង់របស់គាត់ទម្រាំកូនគ្រប់គ្នាមកដល់ចំនុចនេះ។