មិត្តភាព-សុខៗក៏លែងនិយាយរកគ្នា

នៅសុខៗស្រាប់តែមិននិយាយរកគ្នា៧ឆ្នាំ នេះជាចំណងជើងវីដូអូមួយរបស់អ្នកនិពន្ធ អ្នកដឹកនាំ និងជាស្ថាបនិកផលិតកម្មសាស្ត្រាហ្វីមដែលគាត់ទើបតែបានបង្ហោះនាពេលថ្មីៗនេះប៉ុណ្ណោះ។ វីដេអូនេះមានរយៈពេលប្រមាណ៣៥នាទីដែលនិយាយអំពីទំនាក់ទំនងមិត្តភាពរវាងគាត់និងតារាសម្ដែង នី មុន្នីនាថ ដែលមានទាំងការចែករំលែក ភាពសប្បាយរីករាយលាយលំនឹងរឿងអន់ចិត្តនឹងគ្នារហូតធ្វើឲ្យទំនាក់ទំនងអ្នកទាំងពីរកាន់តែឃ្លាតឆ្ងាយបន្តិចម្ដង តែចុងក្រោយអ្នកទាំងពីរនៅតែមានឱកាសបកស្រាយ និងរាប់រកគ្នាដូចដើមវិញ។ ដោយឡែកមិត្តភាពខ្ញុំ…. យើងទាំងពីរចាប់ផ្ដើមរាប់អានគ្នាពេលរៀននៅថ្នាក់អនុវិទ្យាល័យ ហើយទំនាក់ទំនងយើងស្និទ្ធស្នាលបន្តិចម្ដងៗចាប់ផ្ដើមពីការចម្លងមេរៀនឲ្យគ្នា ជូនគ្នាទៅផ្ទះ ទៅណាមកណាជាមួយគ្នា ហើយសូម្បីតែសម្ភារប្រើប្រាស់ដូចជាស្បែកជើង សំលៀកបំពាក់ និងកង់ជិះទៅរៀនក៏ដូចគ្នា និងអនុស្សាវរិយ៍ជាច្រើនទៀតដែលអាចនិយាយបានថាស្និទ្ធស្នាលជាងមិត្តភាពធម្មតា រហូតអ្នកខ្លះគេមើលមកថា ពីរនាក់នេះស្រឡាញ់គ្នាទេដឹង(Gay)។ តែយើងក៏នៅតែញញឹមធ្វើធម្មតាដដែលព្រោះអ្វីដែលយើងធ្វើ គឺយើងដឹងក្នុងចិត្តរៀងខ្លួនថាទំនាក់ទំនងពិតជាគ្មានអ្វីលើសពីមិត្ត ។ យ៉ាងណាក៏ដោយ ក្រោយការជួបគឺបែក តែខ្ញុំមិននឹកស្មានថាការបែកបាក់មិត្តភាពយើងទាំងគ្មានសូម្បីហេតុផលតូចមួយដែលខ្ញុំអាចយកមកគិតពិចារណា ឬវែកញែកគ្នា។ ខ្ញុំមិនអស់ចិត្តពីហេតុដែលគាត់ផ្លាស់តុទៅអង្គុយជាមួយអ្នកផ្សេង លែងនិយាយជាមួយខ្ញុំ ហើយថែមទាំងដើរគេចមុខខ្ញុំគ្រប់ពេល ខ្ញុំក៏បានហៅគាត់ដោយត្រង់ និងផ្ដើមសំនួរមុនថា “តើយើងអាចនិយាយគ្នាបន្តិចបានអត់?”

គេតបវិញទាំងចុងមាត់ថា “ចង់និយាយអីនិយាយម៉ោ”

និយាយហើយ គេក៏ដើរហួទៅបាត់ទៅ។ ហើយខ្ញុំក៏អាចយល់បានតាមរយៈឃ្លា តបរបស់គេបែបបង្ហើរចោលថា គេពិតជាមិនចង់និយាយជាមួយខ្ញុំ។ អារម្មណ៍ខ្ញុំពេលនោះខឹងគេខ្លាំងណាស់ សឹងតែលោតទៅធាក់គេឲ្យផ្គាប់មុខពេលគេកំពុងតែដើរចេញទៅនោះ។ តែណ្ហើយ បំណាច់តែបែបនេះទៅ ខ្ញុំក៏លែងខ្វល់ទៀតដែរ(តាមចរិតដែលមិនចេះទ្រគេ)។ ចាប់ពីពេលនោះមក ពួកយើងធ្វើហីរៀងខ្លួនប្រៀបមនុស្សមិនដែលស្គាល់គ្នា និងលែងបានចួបមុខគ្នាមកដល់ពេលនេះប្រមាណជាង១០ឆ្នាំហើយ។

តាមចរិតខ្ញុំពេលនោះ បើឈ្លោះគ្នា ក៏ខ្ញុំមិនដែលនិយាយរកគេមុននោះទេ។ តែមិត្តខ្ញុំម្នាក់នេះគឺជាមនុស្សទីមួយដែលខ្ញុំនិយាយរកមុន ដោយសារតែខ្ញុំចង់ដឹងឲ្យច្បាស់ កុំឲ្យខ្ញុំគិតរកនឹកតែម្នាក់ឯងថា តើខ្ញុំបានធ្វើអីខុសទេ? តើគេខឹងខ្ញុំរឿងអី? មានអ្នកណានិយាយអីមិនល្អពីខ្ញុំប្រាប់គាត់ទេដឹង? ម្យ៉ាង គឺខ្ញុំស្ដាយមិត្តភាព ស្ដាយពេលវេលាល្អៗជាមួយគ្នាមកអស់រយៈពេល៣ឆ្នាំនោះ និងមិនចង់បញ្ចប់ដោយសុខៗលែងនិយាយរកគ្នាទាំងគ្មានហេតុផល។