ក្ដាតឡាតង់ -KDARD LA TENTE

14991451_1225357027539797_3905247668307224461_o

ក្ដាតឡាតង់ (រូបថងពីFB KDART LA TENT)

ក្ដាតសំដៅដល់ភូមិដែលស្ថិតនៅក្នុងស្រុកឈូកនៃខេត្តកំពតដែលនៅក្បែរនឹងជើងភ្នំបូកគោ ភ្ជាប់ជាមួយនឹងពាក្យឡាតង់ជាភាសាបារាំងមានន័យថាតង់ សរុបមកពាក្យថាក្ដាតឡាតង់គឺសម្ដៅដល់តំបន់មួយដែលត្រូវបានកែច្នៃឡើងសម្រាប់សម្រាកលំហែបែបធម្មជាតិជាមួយនឹងការបោះតង់នៅលើវាលស្មៅជាប់នឹងសមុទ្រដែលអាចមើលឃើញទិដ្ឋាភាពនៃកោះត្រល់និងជើងភ្នំបូកគោទៀតផង។ ដូច្នេះអត្ថបទខ្ញុំថ្ងៃនេះ ចង់និយាយពីដំណើរកម្សាន្តរបស់ខ្ញុំកាលពីខែមុន (ទើបតែនឹកឃើញមកយកសរសេរ ហាហា😆 ) ។

វាជាបទពិសោធន៍ថ្មីមួទៀតសម្រាប់ខ្ញុំដែលមានដំណើរកម្សាន្តបែបបោះតង់នៅលើវាលស្មៅបែបនេះ ទើបខ្ញុំចង់យកមកសរសរដើម្បីចែករំលែកសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តនាចុងសប្តាហ៍ ហើយចង់សាកល្បងអ្វីដែលថ្មី។ ដើម្បីទៅដល់ទីនោះត្រូវចំណាយពេលកន្លះថ្ងៃ(ពីភ្នំពេញ) ធ្វើដំណើរតាមផ្លូវជាតិលេខ៣ហួសក្រុងកំពតប្រមាណ២០គីឡូម៉ែត្រត្រង់បង្គោលគីឡូលេខ១៦៩ ដែលគេហៅថាភូមិក្ដាត។ ទៅដល់ទីនោះនឹងមានអ្នកនាំផ្លូវម្នាក់ចាំទទួលយើងនៅទីនោះ ហើយគាត់ក៏ជាអ្នកចាត់ចែងសេវាកម្មគ្រប់បែបយ៉ាងទាំងការហូបចុក៣ពេល ស្នាក់នៅក្នុងតង់ និងនាំដើរលេងនៅតំបន់នានាក្នុងភូមិនោះ (និយាយទៅយើងចាំតែស្រូល😆 )។ ចូលផុតរបងយើងនឹងឃើញមានតង់បោះរប៉េះរប៉ោះយ៉ាងមានសណ្ដាប់ធ្លាប់នៅលើវាលស្មៅខៀវខ្ចីចាំទទួលពួកយើង មានផ្ទះសម្រាកមួយរបស់អ្នកប្រចាំការនៅទីនោះនៅចំកណ្ដាលទីធ្លា និងព័ទ្ធជុំវិញដោយដើមដូងនិងដើមត្របែកគួរជាទីមនោរម្យថែមទាំងអាចបេះញ៉ាំបានសេរីទៀតផង។ ចុះទៅខាងក្រោមបន្តិចយើងឃើញមានស្ពានមួយសង់លយទៅក្នុងសមុទ្រសម្រាប់ស្រូបយកខ្យល់ជំនោរសមុទ្រ គេងស្ដាប់សំឡេងទឹករលក និងមើលឃើញកោះត្រល់យ៉ាងពេញភ្នែក។ ស្ដាប់ការរៀបរាប់ប៉ុននេះមានអារម្មណ៍ថាចង់មកលេងខ្លះនៅ? ហេហេ អត់ទាន់អស់ទេតែសូមនិយាយពីសេវាកម្មនៅទីនោះវិញម្ដង។ ទៅដល់ទីនោះអាចជាម៉ោងប្រហែល១១ថ្ងៃត្រង់ជាពេលដែលត្រូវទទួលទានបាយថ្ងៃត្រង់ល្មម ដូចនេះយើងអាចមានជម្រើស២សម្រាប់ការទទួលទានអាហារថ្ងៃត្រង់របស់ពួកយើងដែលរៀបចំជាស្រេចពីអ្នកសហគមន៍នៅទីនោះ។ ជម្រើសទីមួយគឺបាយថ្ងៃត្រង់នោះក្នុងបរិវេណក្ដាតឡាតង់ និងមួយទៀតគឺយើងអាចទទួលទានអាហារនៅកន្លែងលេងទឹកដែលជាអាងទឹកធម្មជាតិមួយកែច្នៃដោយអ្នកភូមិក្ដាតតែម្ដង។ អ្នកនៅទីនោះបានអោយឈ្មោះវាថាទឹកធ្លាក់ក្ដាត ដោយសារវាមានទឹកហូរធ្លាក់ពីភ្នំមកហើយស្តុកនៅអាងដែលអ្នកភូមិបានយកថ្មមកដាក់បន្តុបខ័ណ្ឌចេញជាអាងទឹកយ៉ាងថ្លាយ៉ង់ឆ្លុះឃើញដល់បាតដី។ ចេញពីកន្លែងលេងទឹកនារសៀលថ្ងៃជ្រេរបន្តិច យើងអាចបន្តទៅលេងនៅភូមិនៅក្បែរនោះនិងគយគន់ទេសភាពនៅតាមបណ្ដោយផ្លូវរថភ្លើង ផ្ដិតយករូបភាពដ៏ស្រស់ត្រកាលនារសៀលថ្ងៃជ្រេរៀបអស្ដង្គត។ បន្ដមកដល់បរិវេណក្ដាតឡាតង់នាពេលរាត្រីយើងវិញ យើងឃើញមានភ្នក់ភ្លើងធំមួយ តុវែងមួយ និងចង្រ្កានអាំងសាច់រួមជាមួយអាហារសមុទ្រស្រស់ៗដែលរៀបចំសម្រាប់BBQពេលល្ងាចរបស់ពួកយើង ដូច្នេះយើងអាចរៀបចំកម្មវិធីសប្បាយតាមឥតដែនកំណត់រាត្រីនោះ😀 ។ អូហ៍ នៅមានទៀតបន្ទាប់ពីទទួលអាហារពេលល្ងាចហើយ យើងក៏អាចទៅទទួលយកបទពិសោធន៍ថ្មីមួយទៀតជាមួយនឹងការចាក់បង្គាពីសមុទ្រមកអាំងភ្លាមៗក៏បានដែរដែលបុគ្គលិកនៅទីនោះរៀបចំជាស្រេចសម្រាប់ពួកយើងនូវឧបរណ៍មានស្ន និងកែវឆ្លុះបើសិនជាយើងមានចំណាប់អារម្មណ៍ តែបើអត់ទេក៏បន្តចូលគេងក្នុងតង់ដ៏មានក្ដីសុខ រង់ចាំថ្ងៃថ្មីដើម្បីបន្តដំណើរទៅមើលអ្វីដែលថ្មីនាព្រឹកស្អែក។ ចូលដល់ថ្ងៃទី២បន្ទាប់ទទួលទានអាហារពេលព្រឹករួចម៉ោងប្រហែល៨ អ្នកនាំផ្លូវនឹងនាំពួកយើងទៅលេងភូមិនេសាទដោយធ្វើដំតាមទូកដរ មើលពីការប្រកបរបររបស់ពួកគាត់ និងការចិញ្ចឹមត្រីនៅក្នុងសមុទ្រជាដើម។ ចេញផុតពីភូមិនេសាទ យើងបន្តដំណើរដោយថ្មើជើងទៅមើលដំណាក់ស្ដេចដែលជាគោលដៅចុងក្រោយនាថ្ងៃទី២ តែស្ដាយត្រង់ថាខ្ញុំអត់ដឹងពីប្រវត្តិនៃដំណាក់ស្ដេចនោះទេ បើសិនជាអ្នកទាំងអស់គ្នាបានទៅអាចសួរគេអ្នកនៅម្ដុំនោះ ឬសួរអ្នកនាំផ្លូវយើងក៏បាន តែពេលនេះខ្ញុំមានតែរូបថតសម្រាប់ចែករំលែកនៅខាងក្រោមប៉ុណ្ណោះ។ ចេញពីដំណាក់ស្ដេចម៉ោងប្រហែល១១ថ្ងៃត្រង់ ជាពេលដែលយើងត្រូវរើបង្វិចលាក្ដាតឡាតង់បន្តទៅរកអាហារថ្ងៃត្រង់ដោយខ្លួនឯងមុនត្រឡប់ទៅភ្នំពេញវិញ ហើយបេសកកម្មយើងក៏បញ្ចប់ត្រឹមប៉ុណ្ណេះ🙂 ។

ជារួមក្ដាតឡាតង់ជាជម្រើសមួយសម្រាប់អ្នកដែលចូលចិត្តសមុទ្រ ចូលចិត្តធម្មជាតិនិងភាពស្ងប់ស្ងាត់ដើម្បីសម្រាកលំហែនាពេលចុងសប្ដាហ៍៕

This slideshow requires JavaScript.

Advertisements