ក្ដាតឡាតង់ -KDARD LA TENTE

14991451_1225357027539797_3905247668307224461_o

ក្ដាតឡាតង់ (រូបថងពីFB KDART LA TENT)

ក្ដាតសំដៅដល់ភូមិដែលស្ថិតនៅក្នុងស្រុកឈូកនៃខេត្តកំពតដែលនៅក្បែរនឹងជើងភ្នំបូកគោ ភ្ជាប់ជាមួយនឹងពាក្យឡាតង់ជាភាសាបារាំងមានន័យថាតង់ សរុបមកពាក្យថាក្ដាតឡាតង់គឺសម្ដៅដល់តំបន់មួយដែលត្រូវបានកែច្នៃឡើងសម្រាប់សម្រាកលំហែបែបធម្មជាតិជាមួយនឹងការបោះតង់នៅលើវាលស្មៅជាប់នឹងសមុទ្រដែលអាចមើលឃើញទិដ្ឋាភាពនៃកោះត្រល់និងជើងភ្នំបូកគោទៀតផង។ ដូច្នេះអត្ថបទខ្ញុំថ្ងៃនេះ ចង់និយាយពីដំណើរកម្សាន្តរបស់ខ្ញុំកាលពីខែមុន (ទើបតែនឹកឃើញមកយកសរសេរ ហាហា😆 ) ។

វាជាបទពិសោធន៍ថ្មីមួទៀតសម្រាប់ខ្ញុំដែលមានដំណើរកម្សាន្តបែបបោះតង់នៅលើវាលស្មៅបែបនេះ ទើបខ្ញុំចង់យកមកសរសរដើម្បីចែករំលែកសម្រាប់អ្នកដែលចូលចិត្តដំណើរកម្សាន្តនាចុងសប្តាហ៍ ហើយចង់សាកល្បងអ្វីដែលថ្មី។ ដើម្បីទៅដល់ទីនោះត្រូវចំណាយពេលកន្លះថ្ងៃ(ពីភ្នំពេញ) ធ្វើដំណើរតាមផ្លូវជាតិលេខ៣ហួសក្រុងកំពតប្រមាណ២០គីឡូម៉ែត្រត្រង់បង្គោលគីឡូលេខ១៦៩ ដែលគេហៅថាភូមិក្ដាត។ ទៅដល់ទីនោះនឹងមានអ្នកនាំផ្លូវម្នាក់ចាំទទួលយើងនៅទីនោះ ហើយគាត់ក៏ជាអ្នកចាត់ចែងសេវាកម្មគ្រប់បែបយ៉ាងទាំងការហូបចុក៣ពេល ស្នាក់នៅក្នុងតង់ និងនាំដើរលេងនៅតំបន់នានាក្នុងភូមិនោះ (និយាយទៅយើងចាំតែស្រូល😆 )។ ចូលផុតរបងយើងនឹងឃើញមានតង់បោះរប៉េះរប៉ោះយ៉ាងមានសណ្ដាប់ធ្លាប់នៅលើវាលស្មៅខៀវខ្ចីចាំទទួលពួកយើង មានផ្ទះសម្រាកមួយរបស់អ្នកប្រចាំការនៅទីនោះនៅចំកណ្ដាលទីធ្លា និងព័ទ្ធជុំវិញដោយដើមដូងនិងដើមត្របែកគួរជាទីមនោរម្យថែមទាំងអាចបេះញ៉ាំបានសេរីទៀតផង។ ចុះទៅខាងក្រោមបន្តិចយើងឃើញមានស្ពានមួយសង់លយទៅក្នុងសមុទ្រសម្រាប់ស្រូបយកខ្យល់ជំនោរសមុទ្រ គេងស្ដាប់សំឡេងទឹករលក និងមើលឃើញកោះត្រល់យ៉ាងពេញភ្នែក។ ស្ដាប់ការរៀបរាប់ប៉ុននេះមានអារម្មណ៍ថាចង់មកលេងខ្លះនៅ? ហេហេ អត់ទាន់អស់ទេតែសូមនិយាយពីសេវាកម្មនៅទីនោះវិញម្ដង។ ទៅដល់ទីនោះអាចជាម៉ោងប្រហែល១១ថ្ងៃត្រង់ជាពេលដែលត្រូវទទួលទានបាយថ្ងៃត្រង់ល្មម ដូចនេះយើងអាចមានជម្រើស២សម្រាប់ការទទួលទានអាហារថ្ងៃត្រង់របស់ពួកយើងដែលរៀបចំជាស្រេចពីអ្នកសហគមន៍នៅទីនោះ។ ជម្រើសទីមួយគឺបាយថ្ងៃត្រង់នោះក្នុងបរិវេណក្ដាតឡាតង់ និងមួយទៀតគឺយើងអាចទទួលទានអាហារនៅកន្លែងលេងទឹកដែលជាអាងទឹកធម្មជាតិមួយកែច្នៃដោយអ្នកភូមិក្ដាតតែម្ដង។ អ្នកនៅទីនោះបានអោយឈ្មោះវាថាទឹកធ្លាក់ក្ដាត ដោយសារវាមានទឹកហូរធ្លាក់ពីភ្នំមកហើយស្តុកនៅអាងដែលអ្នកភូមិបានយកថ្មមកដាក់បន្តុបខ័ណ្ឌចេញជាអាងទឹកយ៉ាងថ្លាយ៉ង់ឆ្លុះឃើញដល់បាតដី។ ចេញពីកន្លែងលេងទឹកនារសៀលថ្ងៃជ្រេរបន្តិច យើងអាចបន្តទៅលេងនៅភូមិនៅក្បែរនោះនិងគយគន់ទេសភាពនៅតាមបណ្ដោយផ្លូវរថភ្លើង ផ្ដិតយករូបភាពដ៏ស្រស់ត្រកាលនារសៀលថ្ងៃជ្រេរៀបអស្ដង្គត។ បន្ដមកដល់បរិវេណក្ដាតឡាតង់នាពេលរាត្រីយើងវិញ យើងឃើញមានភ្នក់ភ្លើងធំមួយ តុវែងមួយ និងចង្រ្កានអាំងសាច់រួមជាមួយអាហារសមុទ្រស្រស់ៗដែលរៀបចំសម្រាប់BBQពេលល្ងាចរបស់ពួកយើង ដូច្នេះយើងអាចរៀបចំកម្មវិធីសប្បាយតាមឥតដែនកំណត់រាត្រីនោះ😀 ។ អូហ៍ នៅមានទៀតបន្ទាប់ពីទទួលអាហារពេលល្ងាចហើយ យើងក៏អាចទៅទទួលយកបទពិសោធន៍ថ្មីមួយទៀតជាមួយនឹងការចាក់បង្គាពីសមុទ្រមកអាំងភ្លាមៗក៏បានដែរដែលបុគ្គលិកនៅទីនោះរៀបចំជាស្រេចសម្រាប់ពួកយើងនូវឧបរណ៍មានស្ន និងកែវឆ្លុះបើសិនជាយើងមានចំណាប់អារម្មណ៍ តែបើអត់ទេក៏បន្តចូលគេងក្នុងតង់ដ៏មានក្ដីសុខ រង់ចាំថ្ងៃថ្មីដើម្បីបន្តដំណើរទៅមើលអ្វីដែលថ្មីនាព្រឹកស្អែក។ ចូលដល់ថ្ងៃទី២បន្ទាប់ទទួលទានអាហារពេលព្រឹករួចម៉ោងប្រហែល៨ អ្នកនាំផ្លូវនឹងនាំពួកយើងទៅលេងភូមិនេសាទដោយធ្វើដំតាមទូកដរ មើលពីការប្រកបរបររបស់ពួកគាត់ និងការចិញ្ចឹមត្រីនៅក្នុងសមុទ្រជាដើម។ ចេញផុតពីភូមិនេសាទ យើងបន្តដំណើរដោយថ្មើជើងទៅមើលដំណាក់ស្ដេចដែលជាគោលដៅចុងក្រោយនាថ្ងៃទី២ តែស្ដាយត្រង់ថាខ្ញុំអត់ដឹងពីប្រវត្តិនៃដំណាក់ស្ដេចនោះទេ បើសិនជាអ្នកទាំងអស់គ្នាបានទៅអាចសួរគេអ្នកនៅម្ដុំនោះ ឬសួរអ្នកនាំផ្លូវយើងក៏បាន តែពេលនេះខ្ញុំមានតែរូបថតសម្រាប់ចែករំលែកនៅខាងក្រោមប៉ុណ្ណោះ។ ចេញពីដំណាក់ស្ដេចម៉ោងប្រហែល១១ថ្ងៃត្រង់ ជាពេលដែលយើងត្រូវរើបង្វិចលាក្ដាតឡាតង់បន្តទៅរកអាហារថ្ងៃត្រង់ដោយខ្លួនឯងមុនត្រឡប់ទៅភ្នំពេញវិញ ហើយបេសកកម្មយើងក៏បញ្ចប់ត្រឹមប៉ុណ្ណេះ🙂 ។

ជារួមក្ដាតឡាតង់ជាជម្រើសមួយសម្រាប់អ្នកដែលចូលចិត្តសមុទ្រ ចូលចិត្តធម្មជាតិនិងភាពស្ងប់ស្ងាត់ដើម្បីសម្រាកលំហែនាពេលចុងសប្ដាហ៍៕

This slideshow requires JavaScript.

អំណោយថ្ងៃបុណ្យណូអែលពីកម្មករ

2015-12-25 18.57.19នេះនែអំណោយសម្រាប់ថ្ងៃបុណ្យណូអែលឆ្នាំនេះរបស់ខ្ញុំ ហាហា។ បើមើលទៅវាគ្មានអីអស្ចារ្យទេ តែវាជាអំណោយមួយដែលខ្ញុំទទួលបានពីអ្នកនៅក្រោមបង្គាប់ ហើយគិតថាវាអំណោយដ៏មានតម្លៃនិង​កើត​ចេញទឹកចិត្តទោះបីគាត់មានប្រាក់ខែមិនច្រើន តែវាបង្ហាញពីក្ដីស្រឡាញ់។ អរគុណសម្រាប់​​​អំណោយ​ដ៏ស្រស់ស្អាតនេះ 🙂 ។

ខក​បំណង ឡើង​ភ្នំបាក់ខែងមើលថ្ងៃលិច-05-04-2012

មក​ដល់​សៀមរាប​ប្រហែល​ម៉ោង​២រសៀល សម្រាក​ផ្ទះ​មិត្តភ័ក្រ​តិច ក៏​បន្ត​ទៅ​លេង​បាក់​ខែង​ដើម្បី​មើល​ថ្ងៃ​លិច​នឹង​គេ​ដែរ។ ចាប់​ផ្ដើម​ឡើង​នៅ​ម៉ោង​៤​​កន្លះ ប្រើ​ពេល​ឡើង​ប្រហែល​ជិត​កន្លះ​ម៉ោង​ដែរ​នឹង​ទើប​ទៅដល់​ខាងលើ (ហត់គ្រាន់បើ)។ តែ​ពេល​ឡើង​ទៅ​ដល់​ហើយ​បែ​ជា​ខក​បំណង​ទៅ​វិញ ព្រោះ​គេ​មិន​អនុញ្ញាត​ឲ្យ​ឡើង​ឡើង​ប្រាសាទ ដោយ​គេ​កំណត់​ត្រឹម​មនុស្ស​៣០០​នាក់​ប៉ុណ្ណោះ​ឡើង ព្រោះ​ប្រាសាទ​កំពុង​ធ្វើ​ការ​ជួស​ជុល។ចំពោះ​អ្នក​ចង់​ឡើង​គឺ​ត្រូវ​តម្រង់​ជួរ​រង់​ចាំ​អ្នក​នៅ​ខាង​លើ​ប្រាសាទ​ចុះ​មក​វិញ​ដើម្បី​ជំនូស (ចុះ​ម្នាក់ ជំនួស​ម្នាក់) តែ​គិត​ថា​គ្នាន​សង្ឃឹម​ទេ ព្រោះ​អ្នក​នៅ​ខាង​លើ​គេ​រង់​ចាំ​មើល​ថ្ងៃ​លិច លុះ​ត្រា​ថ្ងៃ​លិច​ទើប​គេ​ចុះ​វិញ។ ឃើញ​ដូច​នេះ អា​ណិត​អ្នក​ដែល​កំពុង​តម្រង់​ជួរ​ចាំ និង​អ្នក​ដែល​កំពុង​ឡើង​មក​មែន​ទែន ជា​ពិសេស​ជន​បរទេស ៩៥%​ទៅ​ហើយ​គឺ​ជា​ជន​បរទេស​ដែល​កំពុង​តម្រង់​ជួរ​យ៉ាង​វែង។ គួរ​តែ​សរសេរ​ស្លាក​មួយ​នៅ​ខាង​ក្រោម​ពី​បញ្ហា​នេះ ដើម្បី​ពូក​គាត់​បាន​ជ្រាប ហើយ​សម្រេច​ចិត្ត​គួរ​ឡើង ឬ​អត់​គឺ​ស្រេច​លើ​ពួក​គាត់ តែ​នេះ ត្រូវ​ឡើង​ហត់​ហើយ ចុះ​មក​វិញទាំងសោកស្ដាយ។ ឃើញ​ចឹង​ពួក​ខ្ញុំ​ក៏​ចុះ​មក​វិញ ហើយ​ហួស​ទៅ​ប្រសាទ​បាយ័ន​វិញ។

កំពុងជិះកង់បីទៅបាក់ខែង

កំពុងជិះកង់បីទៅបាក់ខែង

កំពុងដើរឡើង

កំពុងដើរឡើង

កំពុងតម្រង់ជួរចាំឡើងប្រាសាទ

ពេល​ពួក​ខ្ញុំ​កំពុង​ចុះ​ទៅ​វិញ ឃើញ​មាន​មនុស្ស​កំពុង​ឡើង​មក​ជា​ច្រើន​ទៀត មួយៗ​ក្រុមៗ​មាន​មនុស្ស​ពី​២០ ទៅ​៣០​នាក់ ខ្ញុំ​បាន​ថត​រូប​ពេល​ពួក​គាត់​កំពុង​ឡើង​ដែរ តែ​បាត់​រូប ប្រហែល​ជា​មិត្ត​ខ្ញុំ​លុប។

ឃ្លាត​ស្រុក​នឹក​ម្ដាយ

កម្រាន្តចម្រៀង បទ៖ ឃ្លាតស្រុកនឹកម្តាយ

អត្ថបទចម្រៀង

I. ឃ្លាតពីស្រុកមកនៅទីក្រុងសែន តែចិត្តមិនណាយនឹកគ្រាជួបជុំគ្រួសារ តើក្នុងពេលនេះលោកធ្វើអ្វីសុខទុក្ខយ៉ាងណា យប់ថ្ងៃហូរទឹកនេត្រាគ្មានអ្នកណានៅក្បែរអ្នកម្តាយ ទោះយ៉ាងណាក៏អ្នកស៊ូទ្រាំ។

R. យ៉ាងណាកូនសូមថ្លែងប្រាប់ ម្តាយថ្លៃកុំបារម្ភថ្វី ថ្ងៃមួយកូនបានជោគជ័យ កូនថ្លៃវិលវៃមិនខាន យ៉ាងណាកូនសូមថ្លែងប្រាប់ មិនយូរបានជួបវិញណា យើងនឹងបានជួបជុំរស់សុខុមដរាបរៀងទៅ។

II. សំនៀងនេះស្តាប់ហើយត្រូវចង់ចាំថា គុណម្ដាយថ្លៃណា មិនអាចយកអ្វីមកផ្ទឹម បវរល្អខ្លាំងណាស់ មានអ្វីៗជូនកូនទាំងអស់ នេះគឺទឹកចិត្តដ៏ស្មោះពីអ្នកមានគុណដ៏ថ្លៃថ្លា ពីអ្នកមានគុណដ៏ថ្លៃថ្លា។ <ច្រៀង R ២ដង> ចប់។

នឹកអ្នកគ្រប់គ្នា

Repost: អនុស្សាវរីយ៍​មួយ​ កាលរៀន​ថ្នាក់វិទ្យាល័យ​ :D

Repost: ពេល​វេលា​ពិត​ជា​លឿន​ណាស់ ដូចជា​ទើប​នឹង​ចាប់​ផ្តើម​រៀន​ថ្នាក់​ទី១​សោះ​ឥឡូវ​កន្លង​ផុតជាង​១០​ឆ្នាំ​បាត់​ទៅ​ហើយ។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គិត​តែ​ពី​ខំរៀន​ដើម្បី​យក​ចំណាត់​ថ្នាក់​លេខ​១ ហើយ​ក៏ធ្លាប់​ជាប់​ចំណាត់​ថ្នាក់​លេខ១​ដែរ តែ​ដូច​ជាគ្មាន​ចេះ​អី​សោះ​ ហេ……។ ឆ្លង ពី បឋម សិក្សា ចូល ដល់ អនុវិទ្យាល័យ ជា វ័យ មួយ ដែល ពោ ពេញ ដោយ ភាព សប្បាយ រីក រាយ ស្ទើ តែ រាល់ ថ្ងៃ។ 
ពីមួយថ្ងៃ ទៅ មួយ ថ្ងៃ មិន​ដែល​ខ្វល់​អី​សោះ ដឹងត្រឹម ថា ដល់​ម៉ោងគឺ​ទៅរៀន ចេញ​ពី​រៀនម​កផ្ទះ​ញ៉ាំ​បាយ ដល់​ម៉ោង​រៀន​គួរ គឺ​ចេញ​ទៅ​រៀន​គួរ ក្រោយ​ពីការ​រៀន គឺ​លេង​សើច​សប្បាយ​ជាមួយ​មិត្តភក្តិ​តែ​ប៉ុណ្ណឹង។ Continue reading

ពីអតីតសិស្សវិទ្យល័យអន្លង់វែង

ពេលវេលាពិតជាលឿនណាស់ ដូចជាទើបនឹងចាប់ផ្តើមរៀនថ្នាក់ទី១សោះឥឡូវកន្លងផុតជាង១០ឆ្នាំបាត់ទៅហើយ។ ពីមួយឆ្នាំទៅមួយឆ្នាំគិតតែពីខំរៀនដើម្បីយកចំណាត់ថ្នាក់លេខ១ ហើយក៏ធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ដែរ តែដូចជាគ្មានចេះអីសោះ ហេ……។ ឆ្លងពីបឋមសិក្សាចូលដល់អនុវិទ្យាល័យជាវ័យមួយ ដែលពោពេញដោយភាពសប្បាយរីករាយស្ទើតែរាល់ថ្ងៃ។ អន្លង់វែងពីមួយថ្ងៃទៅមួយថ្ងៃមិនដែលខ្វល់អីសោះ ដឹងត្រឹមថាដល់ម៉ោងគឺទៅរៀនចេញពីរៀនមកផ្ទះញ៉ាំបាយ ដល់ម៉ោងរៀនគួរគឺចេញទៅរៀនគួរ ក្រោយពីការរៀនគឺលេងសើចសប្បាយជាមួយមិត្តភក្តិតែប៉ុណ្ណឹង។

មកដល់ពេលនេះ ឈានចូលដល់វ័យមួយដែលមានការផ្លាស់ប្តូរច្រើន ជាពិសេសគឺចិត្តគំនិត ក្រៅពីភាពសប្បាយរីករាយ និងការសិក្សាក៏នៅមានរឿងរ៉ាវផ្សេងៗជាច្រើនទៀតដែលត្រូវគិត។ បើប្រៀបធៀបទៅខុសគ្នាឆ្ងាយណាស់ ពីមុនជាក្មេងម្នាក់ដែលចូលចិត្តការរៀនសូត្រ លេងសើចច្រើន ពេលខ្លះត្រូវធ្វើអោយមិត្តរួមថ្នាក់ខឹងក៏មាន។ រំលឹកដល់រឿងមួយកាលពី ៥ឆ្នាំមុន កំពុងសិក្សានៅថ្នាក់ទី៩(២០០៥‍ ~ ២០០៦) ការប្រលងឆមាសលើកទីមួយថ្នាក់មធ្យមសិក្សាបឋមភួមិជិតមកដល់ សិស្សានុសិស្សទាំងអស់ខិតខំស្វ័យសិក្សាដោយខ្លួនឯងផង និងរៀនគួរបន្ថែមផង។ ថ្ងៃមួយម៉ោងប្រហែលជា១រសៀលខ្ញុំព្រមទាំងមិត្តភក្ដិប្រមាណជា ១០នាក់បានមករៀនគួរដូចធម្មតា ហើយពេលរៀនគួរចាប់ផ្ដើមនៅម៉ោង ២រសៀលដោយថាពួកខ្ញុំដែលជាសិស្សល្អទើបមករៀនមុនម៉ោងជានិច្ច ហេ..:D ។ ស្របពេលនោះជាអំឡុងពេលចូលឆ្នាំចិនពួកខ្ញុំក៏បានទិញ “ផាវ” មកដុតលេង ខ្ញុំសុំបញ្ជាក់ថាសាលាដែលពួកខ្ញុំរៀនគួរនោះគឺជាសាលាដែលធ្វើពីស្បួវស្ទើតែ ៨០% ដែលមានបណ្ដោយប្រមាណ ១០ម ទទឹងប្រមាណ ៥ម។ អ្នកប្រហែលជាដឹងហើយថា នឹងមានអ្វីកើតឡើង ផាវជាមួយនឹងសាលាស្បូវនោះ។ ដោយការលេងសើច ខ្ញុំនិងមិត្តពីនាក់ទៀត អាណុប និងមេត្តា បោះផាវបន្លាចស្រីៗដែលនៅក្នុងសាលានោះ។ ម្នាក់បោះឆ្វេងម្នាក់ទៀតបោះស្ដាំ ប៉ុន្តែភ្លាត់ធ្វើអោយផាវឡើងលើដំបូលសាលា។ មួយប៉ព្រិចភ្នែកអណ្ដាតភ្លើងពណ៏ខៀវផុសចេញពីលើដំបូលសាលាទើបម្នាក់ៗរត់រកទឹកដើម្បីពន្លត់។ ខ្ញុំចាំបានថា ពេលដែលខ្ញុំកំពុងរត់ទៅដងទឹក មានសិស្សស្រីមួយក្រុម កំពុងនិយាយគ្នាថា៖ “ណាគេ ភ្លើៗទៅដុតសាលាចឹង?” ដោយពួកគេមិនដឹងទេថា ពួកខ្ញុំជាអ្នកដុត ហាហា……..ពិតជាសមមុខណាស់ពួកខ្ញុំ។ សំណាងដែរ ក្រោយពីពន្លត់ហើយនៅសល់ក្តារខៀនមួយ រូបសមេ្តចតា សម្តេចយាយ ដែលពួកខ្ញុំយកបានពេលកំពុងឆេះ ក្រៅពីនេះ មានតុមួយចំនួនឆេះខ្លោច និងខ្លះទៀតនៅប្រើបាន។ ពេលនឹងអត់មានណាគេយល់ចិត្តសោះ ត្រូវលោកគ្រូនិងប៉ូលីសស្ដីអោយទៅដល់ផ្ទះម៉ាក់ថែមពីលើទៀត ស្ពឹកមុខ :(។ បន្ទាប់មក ពួកខ្ញុំបានពិភាក្សាគ្នាដើម្បីធ្វើសាលាសងគេវិញ។ ព្រឹកបន្ទាប់ ពួកខ្ញុំបានជួបជុំគ្នានៅម៉ោង៧ព្រឹកដែលម្នាក់ៗវិចបាយមកពីផ្ទះរៀងៗងខ្លួន គ្នាប្រហែលជាជាង១០នាក់ ចេញដំណើរដោយគោយន្តដើម្បីទៅកាប់ឬស្សីមកធ្វើសាលាវិញ។ ជិះបណ្តើរនិយាយគ្នាបណ្តើរពីហេតុការណ៍នោះ។ ទៅដល់ព្រៃឬស្សីត្រូវចូលទៅជ្រៅបន្តិចទើបមានឬស្សីល្អៗប៉ុន្តែផ្លូវពិបាកបន្តិចក្នុងការជញ្ជូនឬស្សីត្រឡប់មកដល់គោយន្តវិញ។ ការហត់នឿយពោពេញទៅដោយភាពសប្បាយរីករាយ ២ម៉ោង ក្រោយពីកាប់ឬស្សីក៏បានជុំគ្នាញ៉ាំបាយ ជជែកគ្នាអ៊ូអរពេញព្រៃឬស្សីម្ហូបខ្ញុំថ្ងៃនោះគឺសាច់ជ្រូកចៀន ពងទាចៀន២គ្រាប់ និងស្ងោរ២គ្រាប់ និងមិត្តដ៏ទៃទៀតមានម្ហូបពិសេសៗផ្សេងទៀតជាច្រើន ដូចជាប្រហុកជាដើម…គិតទៅម្យ៉ាងដែរ ហត់មែនប៉ុន្តែសប្បាយ។ ព្រឹកបន្ទាប់ពួកយើងបានចេញដំនើរទាំងអស់គ្នាម្ដងទៀតទិញស្បូវនៅឯភូមិមួយដែលនៅឆ្ងាយ។ បន្ទាប់មក ក៏ចាប់ផ្តើមសាងសង់អាគារស្បូវនឹងតែម្តង :D។ ពួកយើងខិតខំជូយគ្នាដើម្បីបញ្ចប់អោយហើយរួចរាល់មុនពេលប្រលងឆមាសពិតជាល្អមែន អាគារស្បូវរបស់ពួកយើងត្រូវបានបញ្ចប់មុនពេលប្រលងឆមាសដោយប្រើរយៈពេល ៣ទៅ៤ថ្ងៃ ព្រមទាំងទទួលការសរសើរពីលោកគ្រូថា “អ្នកទាំងអស់គ្នាពិតជាចេះសាមគ្គីគ្នាបានល្អមែន” ហ៊ឺម..ពិតជាអនុស្សាវរិយ៍មួយដែលគួរអោយចងចាំទុកមែន :D។

សាលាបឋមសិក្សាអណ្ដូងទឹក ឆ្នាំ១៩៩៧ ស្រុកបូទុមសាគរ ខេត្តកោះកុង

អនុវិទ្យាល័យអន្លង់វែង ឆ្នាំ២០០៥ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ