គំនូរសម្រាម

img_0602

សំបកពងទា

សម្រាមគឺជាសំណល់ដែលត្រូវបានគេបោះចោលនៅស្ទើគ្រប់ទីកន្លែង អ្នកមួយចំនួនអាចមើលឃើញថាវាគ្រាន់តែជាសំណល់កខ្វក់ ឬរបស់ឥតប្រយោជន៍ដែលគេមើលរំលង តែក្នុងគំនិតរបស់បងប្រុស ស៊ីឡុងសម្រាមទាំងនោះគឺវត្ថុមានតម្លៃទៅវិញ។

ស្ថិតក្នុងស្ថានភាពលំបាកក្នុងគ្រួសារផង បងប្រុសស៊ីឡុងគឺជនពិការមួយរូបដែលហាក់ដូចត្រូវបានគេរើសអើងនៅក្នុងសង្គមការងារបើទោះបីគាត់បានបញ្ចប់បរិញ្ញាប័ត្រដល់ទៅពីរជំនាញក្ដី(ជំនាញសេដ្ឋកិច្ច និងមួយជំនាញទៀតខ្ញុំអត់បានចាំ ដោយទទូួលបានជំនួយអាហារូបករណ៍) នេះបើតាមសម្ដីដែលគាត់រៀបរាប់ប្រាប់។ ដោយការអស់សង្ឃឹមនឹងការខិតខំស្វែងរកការងារពុំមានលទ្ធផលពីមួយឆ្នាំទៅមួយឆ្នាំ គាត់បានសម្រេចចិត្តបោះបង់ចោលហើយរកគំនិតបង្កើតរបរថ្មីដើម្បីចិញ្ចឹមជីវិតដោយខ្លួនឯងនិងមិនចាំបាច់ចំណាយដើមទុន។ ក្នុងនោះគាត់សង្កេតឃើញថាការកើនឡើងនៃសម្រាមដែលត្រូវបានគេបោះចោលពាសវាលពាសកាលនោះនឹងត្រូវបានកាត់បន្ថយបើសិនគាត់យកសម្រាមទាំងនោះមកកែច្នៃឲ្យទៅជាវត្ថុមានតម្លៃដោយពឹងផ្អែកលើទេពកោសល្យពីកំណើតស្រាប់របស់គាត់គឺគំនូរ។ គាត់ចាប់ផ្ដើមគំនូរសម្រាមនេះនៅក្នុងឆ្នាំ២០១០ដោយចាប់ផ្ដើមពីសម្រាមនៅក្បែរផ្ទះរហូតដើរជួបសម្រាមអាចកែច្នៃបាននៅកន្លែងណាគឺប្រមូលយកពីទីកន្លែងនោះ ដែលសម្រាមទាំងនោះអាចជា ក្រដាស សំបកពងទា ស្រកាត្រី ចំបើង អង្កាម សំបកឈើ ថង់ប្លាស្ទីក   កាកអំពៅនិងសម្រាមជាច្រើនទៀត និងចំណាយថវិកាតិចតួចទៅលើថ្នាំពណ៌និងកាវស្អិតសម្រាប់បិតវត្ថុធាតុទាំងនោះ។

មកទល់ពេលនេះគំនូរសម្រាមមានរយៈពេល៦ឆ្នាំហើយក្ដី តែការស្គាល់នៃសិល្បៈគំនូរនេះហាក់ដូចមិនសូវរីកសាយភាយទូលំទូលាយដែលអាចគ្រប់គ្នាបានជ្រាបពីការច្នៃប្រឌិតដ៏កម្រនេះសោះ។ តាមការរៀបរាប់របស់ម្ចាស់គំនូរបានប្រាប់ថា ចំណូលរបស់គាត់ជាមធ្យមអាចបានពី១០០ ទៅ២០០$ក្នុងមួយ ហើយខែខ្លះគ្មានចំណូលក៏មាន ជាហេតុធ្វើឲ្យគ្រួសារគាត់មិនពេញចិត្តនឹងរបរនេះហើយជម្រុញឲ្យគាត់បោះបង់ចោលទៀតផង តែដោយសារការស្រឡាញ់បានជម្រុញទឹកចិត្តគាត់ឲ្យនៅតែបន្តទោះបីខែខ្លះគ្មានចំណូលក្ដី និងការស្ដីបន្ទោសជារឿយៗពីគ្រួសារក្ដី។ គាត់បានបន្ដថា គំនូររបស់គាត់មានការចាប់អារម្មណ៍ភាគច្រើនពីភ្ញៀវបរទេស ចំណែកភ្ញៀវខ្មែរមួយចំនួនហាក់ដូចមិនសូវឲ្យតម្លៃទៅលើសិល្បៈកែច្នៃពីសម្រាមនេះនៅឡើយ ដូចនេះក្រៅពីការពង្រឹងគុណភាព និងសមត្ថភាព គាត់ក៏ចង់ឲ្យប្រជាជនខ្មែរបានយល់ពីការខិតខំប្រឹងប្រែងរបស់គាត់លើសិល្បៈកែច្នៃមួយនេះ ពិសេសឲ្យគ្រប់គ្នាបានស្គាល់ពីសិល្បៈនេះកាន់តែច្រើន។ គួរបញ្ជាក់ផងដែរថា ចំពោះគំនូរខ្នាតតូចប្រើពេលពី១សប្តាហ៍ទៅ១០ថ្ងៃ ឯគំនូរខ្នាតធំប្រើពេលពី១ខែ ទៅ២ខែក៏មានដើម្បីសម្រេចគំនូរមួយផ្ទាំងដើម្បីលក់។

អាចនិយាយបានថា គំនូរសម្រាមគឺជាសិល្បៈគំនូរម្យ៉ាងដែលប្លែកពីគំនូរផ្សេងៗ ដោយការយកសម្រាមមកបិទជាប់គ្នាផ្គុំចេញជារូបរាងគួរឲ្យទាក់ទាញតាមការស្រមៃរបស់ជាង។ ខាងក្រោមនេះគឺជារូបថតខ្លះៗដែលខ្ញុំបានថតទុកពេលទៅលេងគាត់កាលពីសប្ដាហ៍មុន មើលទៅវាហាក់ដូចគំនូរងាយៗ តែពិតនិត្យឲ្យជាក់ទើបដឹងថាវាពិបាក ដូចច្នេះបើបានទៅដល់សៀមរាប ខ្ញុំចង់ណែនាំឲ្យអ្នកទាំងគ្នាឆៀងចូលទៅលេងនិងជួយផ្សព្វផ្សាយគាត់បន្ថែមតាមល្ធភាពពីគំនូរខ្មែរនេះ។ ទីតាំងផ្ទះគំនូរសម្រាមស្ថិតនៅភូមិ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឬអាចទាក់ទងគាត់ផ្ទាល់តាមរយៈ Facebook Page : Silong Original ៕