វចនានុក្រម​ខ្មែរ​បកប្រែពាក្យលើ Web Browser

សួស្ដី​អ្នក​ទាំង​អស់​គ្នា!!! សុខសប្បាយជាទេ? ដូច​ជា​ខាន​សរសេរ​អត្ថបទ​យូរ​ហើយ ដោយ​សារ​ខ្ជិល​សរ​សេរ :P។ តែ​កុំ​ឲ្យ​ស្ងាត់​ពេក ច្នេះ​សុំ​លើក​យក​​វចនានុក្រម​ខ្មែរ Online មក​បង្ហាញ​គឺ Khmer online dictionary។ Khmer Online Dictionary អាច​ធ្វើ​ការ​បក​ប្រែ​ពាក្យ​ពី​ភាសា​ផ្សេងៗ​មួយ​ចំនួន​ដល់​ទៅ​ជាង​​៣០​ភាសា​មក​ជា​ភាសាខ្មែរ​នៅ​លើ​បណ្ដញ​ផ្ទាល់​តែម្ដង(លើweb browser) ដោយប្រើប្រាស់ Chrome Extension។ ដើម្បីប្រើប្រាស់បានសូម ចុច​ទីនេះ ​។

បន្ទាប់​ពី​ដំឡើង​វារួចហើយ​ លោក​អ្នក​នឹង​អាច​ប្រើ​ប្រាស់​វា​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់​តែ​Select​លើ​ពាក្យ​ដែល​​អ្នក​​ចង់​​បក​​ប្រែ រូច​ចុច​ស្ដាំ​(Right Click)លើ​ពាក្យ​នោះ រួច​ជ្រើសរើសពាក្យ Translate ឬ Double click លើពាក្យ​ដែល​អ្នក​ចង់​បក​ប្រែក៏​បាន ;)។

ទម្លាប់​ប្រើ​ប្រាស់​ពាក្យ​ខ្មែរ​ខុស

– វិប្បដិសារី វិប្បដិសារិនី និង វិប្បដិសារៈ។

– ព្រហ្មចារី និងព្រហ្មចារិនី។

ពាក្យ​ដែល​ខ្ញុំ​លើក​ឡើង​នេះ ជា​និច្ច​ជាកាល​យើង​តែង​តែ​ជួប​ប្រទះ​ជា​ញឹកញាប់​ទាំង​ក្នុង​អត្ថបទ​សារពត៌មាន បទ​ចម្រៀង និង​ការ​និយាយ​ស្ដី​ប្រចាំ​ថ្ងៃ​ជាដើម។ មាន​អ្នក​មួយ​ចំនួន​មិន​ដឹង ហើយ​ប្រើ​ខុស​ទាំង​អចេតនា ហើយ​ក៏​មាន​អ្នក​មួយ​ចំនួន​បាន​ដឹង​ហើយ តែ​នៅ​តែ​ប្រើ​ទាំង​ខុស ដោយ​សារ​សង្គម​សព្វ​ថ្ងៃ​គេ​ប្រើ​បែប​នឹង​ទៅ​ហើយ អាច​មាន​អារម្មណ៍​ថា​ខុស​ប្លែក​ពី​គេ បើ​អ្នក​ដែល​ដឹង មិន​អី​​ទេ តែ​បើ​អ្នក​មិន​បាន​ដឹង​វិញ គេ​អាច​មិន​យល់ ឬ​សើច​យើង​ទៀត​ផង។ ដូច​នេះ ខ្ញុំ​សុំ​លើក​យក​ពាក្យ​ទាំង​នោះ​មក​និយាយ ដោយ​ដក​ស្រង់​ពី​វចនា​នុក្រម​សម្ដេច​សង្ឃ​ជួនណាត និង​បកស្រាយ​ខ្លះៗ​តាម​អ្វី​ដែល​ខ្ញុំ​​បាន​យល់​និង​ដឹង។ បើ​ការ​បក​ស្រាយ​របស់​ខ្ញុះ​មាន​ការ​ខុស​ពី​ការ​ពិត សូម​មេត្តា​ជួយ​កែ​តម្រូវ​ដោយ​អនុគ្រោះ​ផង​ចុះ។

–  វិប្បដិសារី៖  (ន.) (បា.),(សំ.) (វិប-ប៉ៈដិ-សារ៉ី) (វិប្រតិសារិន៑) អ្នកដែលមានវិប្បដិសារៈ ។ បើស្ត្រីជា វិប្បដិសារិនី ។ 

ខ្ញុំ​សុំ​បក​ស្រាយ​ខ្លះៗ​តាម​អ្វី​ដែល​ខ្ញុំ​បាន​យល់៖

តាម​ការ​ពន្យល់​នៃ​វចនានុក្រម​ខាង​លើ​មាន​ន័យ​ថា​ ប្រុស និង​ស្រី​ត្រូវ​ប្រើ​ពាក្យ​ផ្សេង​គ្នា​គឺ ប្រុស​ត្រូវ​ប្រើ វិប្បដិសារី ឯ​ស្រ្ដី​វិញ​គឺ​ប្រើ វិប្បដិសារិនី។ ពាក្យ “វិប្បដិសារី និង​វិប្បដិសារិនី” គឺ​សម្ដៅ​លើ​មនុស្ស​ដែល​មាន​វិប្បដិសារៈ។ ឧទាហរណ៍៖ ខ្ញុំ​ជា​វិប្បដិសារី​/​វិប្បដិសារិនី ។ ចំពោះ​ប្រយោគ​ដែល​គេ​តែង​តែ​ប្រើ​ខុស​គឺ ខ្ញុំ​មាន​វិប្បដិសារី ។ ចុះ​វិប្បដិសារៈ​វិញ?

 –  វិប្បដិសារៈ៖ (ន.) (បា.),(សំ.) (វិប-ប៉ៈដិ-សារ៉ៈ) (–សារ ឬ–សារ) សេចក្ដីក្តៅក្រហាយចិត្ត, សេចក្ដីនឹកស្តាយក្រោយ, សេចក្ដីនឹកតូចចិត្ត ព្រោះដឹងខ្លួនជាខុស : មានវិប្បដិសារៈ ។ វិប្បដិសារកម្ម អំពើដែលនាំឲ្យមានវិប្បដិសារៈ (អំពើអាក្រក់) ។ វិប្បដិសារចិត្ត ចិត្តដែលមានវិប្បដិសារៈ ។ វិប្បដិសារភាព ភាពនៃវិប្បដិសារៈ, ដំណើរនឹកស្តាយក្រោយ ព្រោះដឹងខ្លួនជាខុស ។ល។ វិប្រតិសារៈ (វិប-ប្រៈ–) ។

តាម​ការ​ពន្យល់​របស់​វចនានុក្រម យើង​អាច​យល់​បាន​ហើយ​ថា ពាក្យ​ដែល​គេ​ប្រើ​ខុស​ពី​មុន (មាន​វិប្បដិសារី) គួរ​កែ​ទៅ មាន​វិប្បដិសារៈ វិញ។ ឧទាហរណ៍៖ ខ្ញុំ​មាន​វិប្បដិសារៈ

–  ព្រហ្មចារី និងព្រហ្មចារិនី៖ សម្ដៅ​លើ​មនុស្ស​ប្រុស​ស្រី​ដែល​នៅ​លីវ (នៅ​ក្នុង​វចនានុក្រម​ពន្យល់​វែង ទើប​ខ្ញុំ​លើក​យក​តែ​អត្ថន័យ​ខ្លី ហើយ​ងាយ​យល់ ចង់​ស្វែង​យល់​បន្ថែម​សូម​មើល​ពាក្យ “ព្រហ្ម” ក្នុង​វចនានុក្រម)។ អ្វី​ដែល​ខ្ញុំ​ចង់​បង្ហាញ​នោះ​គឺ ការ​ប្រើ​ប្រាស់​ពាក្យ​ទាំង​២​នេះ។ ជា​ទូ​ទៅ យើង​តែង​តែ​ឃើញ​គេ​ប្រើ​ពាក្យ “ព្រហ្មចារី” សម្រាប់​មនុស្ស​ស្រី(ស្រី​ក្រមុំ) ឯ​មនុស្ស​ប្រុស គេ​ប្រើ​ពាក្យ “ព្រហ្មចារ៉ា” (ប្រហែល​ជា​គាត់​និយាយ​លេង :D)។ តែ​ការ​ប្រើប្រាស់​ខាង​លើ​គឺ​មិន​ត្រូវ​ទាល់​តែ​សោះ ហើយ​ចម្លើយ​អាច​ថា​នឹក​ស្មាន​មិន​ដល់។ ដើម្បី​ឲ្យ​អស់ចម្ងល់….៖

ចំពោះ​បុរស គេ​ប្រើ​ពាក្យ “ព្រហ្មចារី

ឯ​ចំពោះ​មនុស្ស​ស្រី​គេ​ប្រើ​ពាក្យ “ព្រហ្មចារិនី

ជា​ថ្មី​ម្ដង​ទៀត បើ​មាន​ការ​ខុស​ឆ្គង សូម​មេត្ដា​កែ​តម្រូវ​ផង។