តេស្តរបស់លេងថ្មី

ប្រហែលជាចំណូលចិត្តខាងច្រៀងលេងរបស់ខ្ញុំបង្ហាញខ្លាំងពេកហើយបានជាគាត់គ្រាន់តែដើរកាត់ឃើញរបស់នេះក៏នឹកឃើញដល់ខ្ញុំ ហើយក៏ទិញជាកាដូ ហាហាហា 😆 ។

អរគុណបង អាង សម្រាប់អំណោយ 😀 ។

Advertisements

ស្នេហារន្ទះបាញ់

នៅសុខៗក៏នឹកឃើញរឿងស្នេហាដ៏គួរឲ្យអស់សំណើចរបស់ខ្លួនឯង ខ្ញុំហៅថាស្នេហារន្ទះបាញ់។ វាកើតឡើងឆាប់រហ័សពេកដោយគ្មានបានត្រៀមខ្លួនអ្វីទាំងអស់ប្រៀបដូចផ្លេកបន្ទោរ ហើយបញ្ចប់ទៅវិញត្រឹមពេល១ខែគត់ប្រៀបដូចរន្ទះបាញ់។ ត្បិតត្រឹមរយៈពេលខ្លីតែវាធ្វើឲ្យខ្ញុំគិតរហូតពីពាក្យសម្ដីរបស់គេមុនពេលយើងបែកគ្នា។

យើងស្គាល់គ្នាតាមបណ្ដាញសង្គមមួយ គ្រាដែលខ្ញុំមានបញ្ហាស្មុគស្មាញជាច្រើនមកផ្ទួនៗ។ ហេស គិតមិនដល់ទេថាត្រឹមតែមួយយប់សោះយើងទាំងពីរក៏ក្លាយទៅជាសង្សារនឹងគ្នា។ ជានិស្ស័យមែនទេ? អត់ទេ យើងគ្រាន់តែជួបរឿងដូចគ្នាទើបបានជានិយាយត្រូវគ្នាឆាប់រហ័ស ហើយក៏ចាប់ផ្ដើមឆាប់រហ័សរហូតភ្លេចគិតពីផលអវិជ្ជមាននៅពេលក្រោយ។ មិនខុសពីអ្វីដែលខ្ញុំគិត រឿងរកាំរកូសចេះតែកើតមានរវាងយើងដោយសារតែមានគំនិតជាច្រើនមិនចុះសម្រុងគ្នា តែជានិច្ចជាកាលយើងតែងតែរកដំណោះស្រាយដ៏ប្រសើរនិងបន្តទំនាក់ទំនងយើងទៅមុខទៀត ហើយក៏មិនដែលគិតថានឹងបញ្ចប់វា។ មនុស្សគិតមិនដូចទេវតាគិតមែន យើងទំនាក់ទំនងយើងបានបញ្ចប់ត្រឹម១ខែគត់។ អ្នកណាទៅអាចស្មានដល់ថាមនុស្សមឹសៗ មិនពូកែនិយាយស្ដីពេលជួបគ្នាម្ដងៗ និងមិនហ៊ានមើលមុខគេចំ មិនស្គាល់អ្វីទៅហៅថា Fashion ហើយអ្វីដែលខ្ញុំនៅតែឆ្ងល់និងសួរខ្លួនឯងរហូតថា តើការដែលខ្ញុំមិនផ្អែមល្ហែមនោះពិតជាជះឥទ្ធិពលខ្លាំងដល់ទំនាក់ទំនងយើងខ្លាំងណាស់មែនទេ? គាត់ប្រាប់ខ្ញុំថា ស្នេហាយើងមិនអាចកើនឡើងបានទេបើខ្ញុំនៅតែបែបនេះ។ ចុះបើខ្ញុំនៅតែបែបនេះតើខ្ញុំអាចនឹងមានមនុស្សមកស្រឡាញ់ខ្ញុំទេមែនទេ? ភាពផ្អែមល្ហែមពិតជាសំខាន់ណាស់មែនទេ?

ទាត់ខ្យល់

យូរៗម្ដងបានមកអើតទីនេះហើយក៏ឆ្លៀតសរសេររអ៊ូពីខ្លួនឯងប្រាប់អ្នកជិតខាងយើង ហើយមើលទៅដូចជាគ្មានអីសរសេរក្រៅពីហែកកេរ្តិ៍ខ្លួនឯងទេខ្ញុំ 😀 ។ រំឮកកាលពីអត្ថបទមុននាចុងឆ្នាំ២០១៥ខ្ញុំបានសរសេរពីការលាលែងពីការងារ ហើយនៅពេលនេះនៅវិលវល់នឹងរឿងការងារដដែល គ្រាន់តែលើកនេះខុសពីលើកមុនត្រង់ថា លើកនេះគេដេញក្បាលចេញ មិនមែនលាលែងទេ ( 😮 ធ្ងន់ធ្ងរម្លេះ ធ្វើការរហូតគេដេញក្បាលចេញ)។ ហ៊ឺយ និយាយលេងទេ 😆 ការពិតទៅអាចមានរឿងរ៉ាវខ្លះដែលយើងមិនដឹងទាក់ទងនឹងបញ្ហាបិទទ្វាររោងចក្រនេះ ដែលតម្រូវឲ្យកាត់បុគ្គលឹកពាក់កណ្ដាលចេញ ក្នុងចំណោមនោះដោយទាំងខ្ញុំដែរ 😀 ។ ក៏ម្យ៉ាងដែរ ទាត់ខ្យល់បែបនេះមួយរយៈទៅ មិនចាំបាច់មកអង្គុយស្មុគនៅមុខកុំព្យូទ័រយូរៗស្ទើកើតឬសដូងបាត ធ្ងន់ក្បាលនឹងរឿងរ៉ាវរញ៉េរញ៉ៃពីខាងផលិតកម្ម សំឡេងស្រែកខ្លាំងៗពីជនជាតិចិនទាំងនោះ ពិតជាធូរស្រាលមែនទែន។ មកទល់ពេលនេះខ្ញុំទាត់ខ្យល់បានជិតមួយខែហើយ និងកំពុងតែរកការងារថ្មីបណ្ដើរៗ (ព្រោះខ្លាចលែងមានអីស៊ី) ហើយការហៅសម្ភាសន៍ក៏មានជាហូរហែតែអត់មានខាងណាហៅទៅធ្វើការសោះ ឯសំបុត្រអញ្ជើញក៏មកជាបន្តបន្ទាប់ស្របពេលជិតដាច់យ៉ៃទៀត។ ខ្ញុំរអ៊ូតែប៉ុណ្ណឹងទេ so sad dear 😥 ។

អំណោយថ្ងៃបុណ្យណូអែលពីកម្មករ

2015-12-25 18.57.19នេះនែអំណោយសម្រាប់ថ្ងៃបុណ្យណូអែលឆ្នាំនេះរបស់ខ្ញុំ ហាហា។ បើមើលទៅវាគ្មានអីអស្ចារ្យទេ តែវាជាអំណោយមួយដែលខ្ញុំទទួលបានពីអ្នកនៅក្រោមបង្គាប់ ហើយគិតថាវាអំណោយដ៏មានតម្លៃនិង​កើត​ចេញទឹកចិត្តទោះបីគាត់មានប្រាក់ខែមិនច្រើន តែវាបង្ហាញពីក្ដីស្រឡាញ់។ អរគុណសម្រាប់​​​អំណោយ​ដ៏ស្រស់ស្អាតនេះ 🙂 ។

មនោសញ្ចេតនា

មិនមែនមនោសញ្ចេតនាស្នេហាអីទេណាកុំច្រឡំ  😛 ។

មួយរយៈនេះវ៉ល់តែជាមួយនឹងរឿងការងារហ្នឹង ឥឡូវចង់និយាយតពីPostមុនទាក់ទងនឹងការលាលែងរបស់ខ្ញុំនោះ គឺថាGMបានហៅខ្ញុំទៅ​ជួប​ហើយសុំស្ដាប់ការពិចារណាចុងក្រោយរបស់ខ្ញុំថាត្រូវទៅឬនៅ។ ទាំងខ្ញុំ ទាំងGMស្ថិតក្នុងស្ថាន​ភាព​ក្រៀមក្រំដូចគ្នា គាត់ប្រហែលជាពិបាកចិត្តដោយសាររកអ្នកជំនួសមិនទាន់បាន ម្យ៉ាងការងារមួយ​រយៈនេះរវល់ច្រើនផ្សំនឹងបញ្ហាជាច្រើនមកជាហូរហែរ  ឯខ្ញុំក៏ពិបាកនឹងហាមាត់ប្រាប់ពីការសម្រេច​ចិត្តរបស់ខ្ញុំដែលមិនអាចបន្តការងារនៅទីនេះបាន តែ​ក៏មិន​មាន​ជម្រើស​ទៀតដែរព្រោះវាកាន់​តែកៀកថ្ងៃផ្ដើមការងារថ្មីដែរហើយ ចុងក្រោយមានតែពាក្យថាសុំទោសចំពោះគាត់។ ផ្ដើមការងារនៅទីនោះ២ឆ្នាំទៅហើយ មនោសញ្ចេតនានៅតែមាន គាត់បានសុំខ្ញុំពន្យារហូតដល់ដាច់ខែសឹមទៅកន្លែងថ្មី។ ដំបូងខ្ញុំបានបដិសេធន៍ហើយដោយសារបានបញ្ជាក់ថ្ងៃចូលធ្វើការច្បាស់លាស់ជាមួយខាងនោះហើយ វាពិបាកនឹងហារមាត់សុំគេ។ តែដោយសារការទទូចពីមិត្តរួមការងារផងនោះ ក៏សម្រេចចិត្តទូរស័ព្ទទៅសុំគេពន្យាថ្ងៃចូលធ្វើការ ចុចលេខបណ្ដើរគិតបណ្ដើរ តើត្រូវនិយាយអីខ្លះ? តើគេព្រមឬអត់? តិចគេថាយើងសាំញ៉ាំហើយលែងទទួលយើងទៅ? អារម្មណ៍កាន់តែភ័យបុកពោះហើយ ម្យ៉ាងខាងគេបានប្រាប់ហើយថាការងារខាងនោះក៏ត្រូវការជំនួយបន្ទាន់ដែរដោយសារការងារច្រើនដែរ តែក៏មិនបដិសេធន៍សំណើរខ្ញុំដោយសារហេតុផលជាហូរហែរដែលខ្ញុំព្យាយាមប្រាប់ទៅគេ ចុងក្រោយគេក៏OK ទាំងទើសទាល់។ មនោសញ្ចេតនានិយមមែនខ្ញុំ ។

ស្ទាក់ស្ទើ

សួស្ដីអ្នកទាំងអស់គ្នា សុខសប្បាយជាទេ? កន្លងទៅប្រហែលជាង២ឆ្នាំហើយដែលខ្ញុំមិនដែលបានមកអើតប្លក់មួយនេះទាល់តែសោះ គឺចាប់តាំងពីខ្ញុំចាប់ផ្ដើមស្គាល់ជីវិតថ្មីមួយទៀតក្រៅពីផ្ដោតទៅលើតែការសិក្សាគឺការងារ។ ក្នុងស្ថានភាពធ្វើការផង រៀនផងពិតជាមិនងាយស្រួលដូចកាលនៅសុំលុយអ្នកផ្ទះចាយទេ ពេលវេលាមួយថ្ងៃពេញនៅកន្លែងធ្វើការ ពេលយប់ត្រូវទៅរៀនទៀត ទោះចង់ឬមិនចង់ក៏ត្រូវតែធ្វើដែរព្រោះនេះជាកាតព្វកិច្ចនិងតម្រូវការ ហើយនេះគឺជាមូលហេតុមួយដែលខ្ញុំមិនដែលចូលមកសរសេរអត្ថបទទាល់តែសោះក្នុងរយៈជិតបីឆ្នាំនេះ។ តែណ្ហើយចុះ នេះគ្រាន់​តែជាអតីតកាលមួយប៉ុណ្ណោះដែលខ្ញុំចង់ភ្ជាប់ជាមួយហេតុផលនៃការមិនបានមកអើតប្លក់មួយនេះ។

ងាកមើលចំណងជើងវិញ “ស្ទាក់ស្ទើ” ខ្ញុំសម្រេចសរសេរអត្ថបទនេះឡើងមិនមែនចង់បើកកកាយរឿងខ្លួនឯងអីទេ គ្រាន់តែចង់ចារនូវកំណត់ហេតុថ្មីក្រោយពេលបាត់មួយរយៈធំ ម្យ៉ាងចង់ជួបសួរសុខទុក្ខអ្នកទាំងគ្នាតាមរយៈអត្ថបទនេះផងនិងជួយផ្ដល់យោបល់បើសិនអ្នកទាំងគ្នាធ្លាប់ជួប​ដូចជាខ្ញុំ​។ វា​ពាក់ព័ន្ធនឹងការងារដូចគ្នាដែលខ្ញុំគ្រាន់តែចង់សរសេរពីចិត្តរារែកក្នុងការសម្រេចចិត្តរបស់ខ្ញុំដើម្បីជ្រើសទីកន្លែងធ្វើការណាមួយរវាងពីរកន្លែងដែលផ្ដល់តម្លៃឲ្យខ្ញុំដូចគ្នា។ ខ្ញុំបានដាក់ពាក្យលា​លែង​ពីកន្លែងធ្វើការសព្វថ្ងៃមុនមួយខែ (ជិតដល់ថ្ងៃឈប់ហើយ) មូលហេតុទីមួយដោយសារប្រាក់ខែ ទី២សម្ពាធការងារ។ ក្នុងអំឡុងពេលដាក់ពាក្យលាលែងនោះខ្ញុំក៏បានជាប់ការងារមួយកន្លែងទៀតដែលឲ្យប្រាក់ខែខ្ញុំលើសកន្លែងចាស់ក្បែរទ្វេរជាពីរនៃប្រាក់ខែសព្វថ្ងៃ និងបានបញ្ជាក់ថ្ងៃចូលធ្វើការច្បាស់លាស់ហើយដែរ។ តែស្របពេលដែលជិតដល់ថ្ងៃចេញនោះ​(១សប្តាហ៍ទៀត) ខាង​ក្រុមហ៊ុនចាស់បានចរចារប្រាក់ខែខ្ញុំដោយឲ្យតម្លៃខ្ញុំស្មើនឹងប្រាក់ខែកន្លែងថ្មីដែរ​ដែលធ្វើឲ្យខ្ញុំស្ទាក់​ស្ទើចិត្តថាតើត្រូវទៅឬនៅបើកន្លែងថ្មីនៅឆ្ងាយពីក្រុងតែខ្ញុំបានបញ្ជាក់គេរួចហើយថានឹងធ្វើ។ នេះគឺជារឿងដែលខ្ញុំត្រូវផ្ដល់ចម្លើយទៅគេនៅថ្ងៃទី១៥នេះហើយ។ ទៅឬនៅ? :/

អរគុណដែលបានចូលអាន រីករាយឆ្នាំថ្មីទាំងអស់គ្នា 🙂 ។

សន្យា និងការរង់ចាំ

 

សន្យា

សន្យា

ពាក្យសន្យាមួយម៉ាត់ស្ដាប់ទៅធម្មតា តែសម្រាប់ខ្ញុំ ខ្ញុំឲ្យតម្លៃទៅលើពាក្យនេះណាស់។ សន្យាអាចឲ្យមនុស្សម្នាក់រំភើប សប្បាយចិត្ត ហើយទន្ទឹងរង់ចាំការសន្យាដោយក្ដីសង្ឃឹម។ ចុះបើ……ពេលវេលាដែលខំទន្ទឹងរង់ចាំបានមកដល់ ការសន្យាត្រូវបានលុបចោលវិញ តើអ្នកមានអារម្មណ៍យ៉ាងណា?