តេស្តរបស់លេងថ្មី

ប្រហែលជាចំណូលចិត្តខាងច្រៀងលេងរបស់ខ្ញុំបង្ហាញខ្លាំងពេកហើយបានជាគាត់គ្រាន់តែដើរកាត់ឃើញរបស់នេះក៏នឹកឃើញដល់ខ្ញុំ ហើយក៏ទិញជាកាដូ ហាហាហា 😆 ។

អរគុណបង អាង សម្រាប់អំណោយ 😀 ។

កម្សាន្តចម្រៀង៖ ជូនពរ​ឆ្នាំ​ថ្មី ២០១៣!!!

ជម្រាបសួរបងប្អូនអ្នកភូមិទាំងឡាយ សុខសប្បាយទេហ្នឹង? ខ្ញុំមានកាដូឆ្នាំថ្មីមកផ្ញើបាទ 🙂

ខាង​ក្រោម​នេះ​គឺ​ជា​កាដូ​របស់​ខ្ញុំ​ ជា​បទ​ចម្រៀង​មួយ​បទ​សម្រាប់​ជូនពរ​ឆ្នាំថ្មី​ដល់​បង​ប្អូន​អ្នក​ភូមិ​វើដ​ប្រេស​យើង និង​ប្រជាជន​កម្ពុជា​ទាំង​អស់។

បទ​នេះ​ជា​ការ​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​ថ្មី មិន​ចម្លង​ពី​បរទេស​ទេ​បាទ​ 😉 ជួយ​ស្ដាប់​ផង ថា​តើ​អាច​ស្ដាប់​បាន​ដូច​បទ​ភ្លេង​បរទេស​ឬ​អត់? ហេហេហេ 😛

និពន្ធបទភ្លេង៖ ម៉ៅ រ៉ាវី

ទំនុកច្រៀង៖ ណារ៉ាក់

ច្រៀង៖ សុផាត 😉

កម្សាន្តចម្រៀង៖ ពេលណាជួបស្នេហ៍ពិត

 

 

កម្សាន្តជាមួយចម្រៀងរបស់ខ្ញុំមួយបទដែលទើបតែថតច្រកស្បោងរូច

បទ៖ ពេលណាជួបស្នេហ៍ពិត

វេហាស៍មានតារានៅក្បែរជុំជិត ឯខ្ញុំខូចចិត្ត អង្គុយកើតទុក្ខម្នាក់ឯង ដោយសារតែស្នេហា ខ្ញុំក្លាយជាមនុស្សម្នាក់ផ្សេង ចិត្តចំបែងលែងខ្វល់ពីគេគ្រប់គ្នាទាំងអស់។

តើថ្ងៃណាខ្ញុំមានស្នេហ៍ស្មោះដូចគេ តើគួររកស្នេហ៍ពិតនៅឯណាទៅ អង្គុយគិតម្នាក់ឯងរិតតែនាំឲ្យហ្មងសៅ បេះដូងដំបៅត្រូវការអ្នកព្យាបាល។

មេឃអើយមេឃ តើឮខ្ញុំស្រែកសួរដែរទេ តើគួររស្នេហ៍ពិតតាមរបៀបណា បើមនុស្សខ្ញុំស្រឡាញ់សុទ្ធតែ ជាមនស្សដែលមានចិត្តសាវ៉ា ឬវាសនាតម្រូវឲ្យខ្ញុំឈឺចាប់រហូត។

អយុត្តិធម៌សម្រាប់ខ្ញុំម្លេះទេព្រះអើយ បានជួបស្នេហ៍ហើយ តែត្រូវឈឺចាប់ខ្លោចផ្សារ ឬព្រោះតែខ្ញុំនេះមិនល្អ ឬក៏ព្រោះខ្ញុំមិនសង្ហារ គ្មានដុល្លាទើបស្នេហារត់ទៅចោល។

ទំនុកច្រៀង៖ ណារ៉ាក់

សម្រួលតន្ត្រី៖ ម៉ៅ រ៉ាវី

ច្រៀង៖ សុផាត​

ស្ដាប់ទីនេះ [audio http://c2lo.reverbnation.com/audio_player/download_song_direct/15510911.mp3]

ស្រណោះព្រះមហាក្សត្រ

បទ៖ ស្រណោះព្រះមហាក្សត្រ

មេឃមីស្រទំយំខ្សួលក្នុងចិត្ត បេះដូងប្រម៉ាត់ក្រៀមស្វិត ដ្បិតស្ដាយស្រណោះក្សត្រថ្លៃ ទ្រង់យាងទៅហើយទុកឲ្យកូនចៅនៅសោក​អាល័យ​ដិតជាប់ក្នងហរទ័យ គ្មានថ្ងៃនឹងអាចលុបបាន។

ទ្រង់ជាស្ដេចឆ្នើមចងចាំក្នុងចិត្ត មហាវិរក្សត្រពិត មហាបវរថ្កើងថ្កាន ទ្រង់មិនរូញរាទោះលះបង់អ្វីក៏ទ្រង់ធ្វើបាន ដើម្បីប្រជាសុខសាន្ត លំបាកប្រាណក៏មិនរា។

ពេលនេះស្ងាត់ឈឹសំឡឹងឃើញតែស្នាមញញឹមលា ក្នុងចិត្តកូនចៅសែនវេទនាឈឺចាប់ខ្លោចផ្សារហួសនឹងបរិយាយ បាត់ម្លប់ត្រជាក់ធ្លាប់ជ្រោកកោនសែនសុខសប្បាយ នៅសល់ការស្រណោះស្ដាយអាល័យទូទាំងកម្ពុជា។

សូមបួងសួងដល់ឥន្ធព្រហ្មទេវតា សូមជួយដង្ហែរក្សា​ ទ្រង់ចាកផុតទុក្ខនានា ដល់សុគតិភពសោយសុខសម្បត្តិនៅស្ថានសួគ៌ា សូមបារមីទ្រង់រក្សារ ខ្មែរឲ្យបានសុខនិរន្ដរ៍។

និពន្ធទំនុកច្រៀង និងបទភ្លេង៖ ម៉ៅ រ៉ាវី

ច្រៀង៖ សុផាត

ខ្ញុំបាទច្រៀងមិនពិរោះនោះទេ តែគ្រាន់តែចង់ចូលរួមរំលែកទុក្ខជាមួយប្រជាជាតិកម្ពុជានូវមរណៈទុក្ខរបស់ព្រះមហាក្សត្រនៃយើង​ប៉ុណ្ណោះ។ សូមវិញ្ញាណក្ខន្ធព្រះអង្គបានសោយសុគតិភព យើងខ្ញុំនឹងចងចាំព្រះអង្គរហូតទៅ 😦 ។

ពង្សាវតារ​ខ្មែរ

សព្វ​ថ្ងៃ​ឃើញ​ថា​បទ​ ពង្សាវតារ​ខ្មែរ​ មាន​ទំនុក​ខុសៗ​គ្នា​ត្រង់​ពាក្យ​ ឬ​ឃ្លា​មួយ​ចំនួន។ យើងមិន​ដឹង​ថា​ទំនុក​មួយ​ណា​ត្រឹម​ត្រូវ​តាម​បទ​ដើម​ពិត​ប្រាកដ​នោះ​ទេ។ បទ​ខាង​លើ​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​អក្សរ​រត់​នេះ ក៏​មិន​ដឹង​ថា​ត្រឹម​ត្រូវ​ ឬ​អត់​ដែរ គឺ​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​ស្ដាប់​បាន និង​ពិចារណា​លើ​អត្ថន័យ គ្មាន​បំណង​កែ​ឲ្យ​ខុស​គេ​នោះ​ទេ។

នេះ​គឺ​ជា​ឃ្លា​ទី​២ នៃ​បទ​ពង្សាវតារ​ខ្មែរ​នេះ ដែល​ខ្ញុំ​សរសេរ​តាម។ មិន​ដឹង​ថា​បទ​នេះ​ជា​បទ​ដើម​ ឬ​អត់​ទេ http://soundcloud.com/oavcago/khmer-background-part-ii

បើខុសឆ្គងយ៉ាងណា សូមមេត្តាអធ្យាស្រ័យ និងជួយកែតម្រូវផង។

 

 

 

ចម្រៀង៖ កាល​ខ្ញុំ​នៅ​ក្មេង

រំឮ​ក​អនុស្សាវរីយ៍​កាលនៅពីក្មេង 😀


ជាចំរៀងមូយបទច្រៀង ៣នាក់ រៀបរាប់ពីខ្សែជីវិតពួកយើងកាលនៅក្មេង ។
ច្រៀងដោយៈ Sun LaySkit, Kimik Samiko, Seyha Ha.
Lyric & Music Composer by: Seyha Ha.
កែសំរូលដោយៈ Sun LaySkit.

Lyrics:
I. កាលដែលពីខ្ញុំនៅក្មេង ខ្ញុំរត់លេងទាំងទទេកាយា កាលពេលណុងមិនចេះខ្មាស់នរណា បើសិនជាអាឡូវ អូយខ្មាស់គេងាប់អ្ហើយ ។
ពេលមានភ្លៀងធ្លាក់ម្តងៗ មិនរំលងខ្ញុំតែងតែរត់លេង អត់ស្លៀកខោរត់តាពេញហ្នឹងឯងមិន ដែលក្រែងពីចិត្តអ្នកណា ។

II. ពេលចូលបឋមសិក្សាមានសង្សារតាំងពីថ្នាក់ទី១ កាលពេលណុងគឺមិនដែលចេះព្រួយ ព្រោះមិនស្គាល់អ្វីថាស្រលាញ់
កាលដែលពីខ្ញុំនៅក្មេងស្អីក៏លេងមិនដែលចេះកំណាញ់ ឈូសស៊ីរូប លោតកៅស៊ូរ ឃ្លីក៏បាញ់ លេងចូលទាំងអស់ទាំងប្រុសទាំងស្រី

III. រឿងដែលចូលចិត្តទស្សនាគឺតុក្កតានឹង PowerRanger ពេលធំឡើងមើល Cartoon Network មើលឡើងម៉ែថា យីអានេះមើលរឿងដូចតាក្មេង!
* ទោះខ្ញុំលេងច្រើន តែមិនដែលភ្លេចការសិក្សារ ទោះយ៉ាងណាក៏ខំស្វាតធ្យាយជានិច្ច ទោះខ្ញុំលេងច្រើន តែជួយពុកម៉ែជានិច្ច ជួយគ្រប់ភារកិច្ច អោយតែលោកចង់ប្រើ

R. កាលនៅក្មេងខ្ញុំរត់លេងសប្បាយអសា្ចរ្យ មិនដែលស្គាល់ទុក្ខា មិនដែលស្គាល់ស្នេហា បើយំគឺម៉ែវ៉ៃ កាលនៅក្មេងខ្ញុំរត់លេងមិនខ្វល់ពីអ្វី គិតៗទៅរាល់ថ្ងៃបើត្រឡប់ក្មេងវ័យក៏វាល្អម្យ៉ាង ដែរ។

ចម្រៀង​ពី​ដូង​ចិត្ត

អត្ថបទ៖ 

ចម្រៀងពីដួងចិត្ត សុំផ្ញើក្នុងបេះដូង

១. គ្រប់ពេលបាននៅក្បែរអូន គ្រប់ពេលបានឃើញមុខស្ងួន ប៉ុណ្ណឹងក៏គ្រប់គ្រាន់ សម្រាប់បេះដូងបង

*ត្រឹមតែឃើញអូនរីករាយ ឃើញស្នាមញញឹមនួនល្អង មិនត្រូវការតបស្នង ព្រោះអូនបងពេញចិត្ត។

២. រូបអូនប្រៀបដូចព្រះច័ន្ទ ដែលបងតែងលួចគយគន់ ឲ្យបងបានញញឹមរាល់ពេលនឹកដល់អូន

*រាល់យប់ផ្សងសុំជួបអូន ទោះក្នុងសុបិន្ដក៏ព្រម សុខចិត្តហើយស្នេហ៍ស្នង គឺព្រោះអូនរូបបងពេញចិត្ត។

R. ចម្រៀងបងច្រៀង ពីបេះដូងពិត សង្ឃឹមអូនបានស្ដាប់ ហើយយល់ពីបំណង ត្រឹមអូនញញឹមរាល់ពេល អូនស្ដាប់បទចម្រៀងបង សុំផ្ញើក្នុងបេះដូង សូមអូនថែឃុំគ្រងរហូតទៅ។

៣. បារម្ភឃើញអូនឈឺចាប់ ចង់នៅឱបអូនឲ្យជាប់ មើលថែអូនរហូត គ្មាននាទីឃ្លាតឡើយ។

*បានឃើញអូនមានក្ដីសុខ ក្នុងចិត្តបងក៏បានស្បើយ តែសុំម្យ៉ាងត្រាណត្រើយ កុំលាក់បងឡើយបើអូនមានទុក្ខ។

សរសេរដោយ សុផាត

ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២

ម៉ោង ១០:១៨នាទីយប់

ស្ដាប់៖