កង្កែប​ក្នុង​អណ្ដូង​

នៅ​កន្លែង​មួយ​ដែល​គ្រប់​ដណ្ដប់​ដោយ​ស្មៅ​ដ៏​ក្រាស់​ មាន​អណ្ដូង​មួយ​ដែល​គេ​ឈប់​ប្រើ​ជា​យូរ​មក​ហើយ។ នៅ​ក្នុង​អណ្ដូង​មាន​កង្កែប​មួយ​រស់​នៅ។ ថ្ងៃ​មួយ​វា​បាន​លោត​ឡើង​មក​ក្រាប​សម្រាក​នៅ​មាត់​អណ្ដូង​ក៏​បាន​ជួប​នឹង​អណ្ដើក​សមុទ្រ​មួយ ទំនង​ជា​វង្វេង​កំពុង​សំដៅ​មក​កាន់​អណ្ដូង​ដែល​វា​ស្នាក់​អាស្រ័យ​នៅ។

ឃើញ​ដូចនេះ​កង្កែប​សែន​អរ​យ៉ាង​ខ្លាំង។ វា​ស្រែក​ថា៖

“វារ​ឲ្យ​លឿន​មក លឿន​ឡើង ឯង​មើល​នេះ​នែ៎….​ឃើញ​ទេ! នេះ​ជា​ស្ថាន​សួរគ៌​របស់​ខ្ញុំ​ណា៎!”

អណ្ដើក​វារ​មក​ដល់​មាត់​អណ្ដូង ក៏​ដក​ក​មើល​ទៅ​ក្នុង​អណ្ដូង។ វា​ឃើញ​អណ្ដូង​ដែល​គ្មាន​ទឹក​ហួរ​ចេញ​ចូល​អ្វី​សោះ ដុះ​ស្លែ​ពណ៌​ឡើង​ខៀវ​ស្រងាត់ និង​ជិត​រីង​ខះ​អស់​ទៅ​ហើយ តែ​កង្កែប​ក៏​និយាយ​បន្ត…

“ឯង​ប្រហែល​ជា​មិន​ធ្លាប់​ទទួល​បាន​សេចក្ដី​សុខ​ដូច​ខ្ញុំ​បែប​នេះ​នៅ​ឡើយ​ទេ​មើល​ទៅ! ពេល​ព្រលប់ៗ​យើង​ឡើង​មក​យក​ខ្យល់​អាកាស​នៅ​មាត់​អណ្ដូង ពេល​យប់​ជ្រៅ យើង​ត្រឡប់​ទៅ​ដេក​នៅ​ក្នុង​អម្បែង​បែក​ ហើយ​យើង​ក៏​អាច​បណ្ដែត​ដេក​យល់​សប្តិ៍​លើ​ទឹក អាច​លោត​ចុះ​លោត​ឡើង​លើ​ដី​បាន​ម៉ា​សេរី… ពួក​កូន​ក្អាត់ ពួក​ក្ដាម មិន​អាច​រក​សេចក្ដី​សុខ​បាន​ដូច​យើង​ឡើយ”។

កង្កែប​ប្រូ​ឡើង​បែក​ពពុះ​មាត់​ស្គុល គេ​កាន់​តែ​អឿ​ក្នុង​ចិត្ត…

“ឯង​មើល​នេះ​នែ៎! អ្វី​ទាំង​អស់​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​យើង វា​ប្រព្រឹត្តិ​ទៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​យើង​គ្រប់​យ៉ាង តើ​ឯង​ចង់​ចុះ​ទៅ​មើល​ដែរ​ទេ?”

ដោយ​សារ​ខ្លួន​វា​ធំ អណ្ដើក​ទម្លាក់​ជើង​ឆ្វេង​ចុះ តែ​ជើង​វា​ទាក់​នឹង​ឈើ​បង្គោល​សម្រាប់​ទប់​អណ្ដូង រក​ចុះ​ទៅ​មើល​ក៏​មិន​កើត មាន​តែ​ដក​ខ្លួន​ថយ​មក​វិញ ហើយ​ពោល​ទៅ​កាន់​កង្កែប​ថា៖

“តើ​ឯង​ធ្លាប់​ស្ដាប់​រឿង​ទាក់​ទង​នឹង​សមុទ្រ​ខ្លះ​ហើយ​ឬ​នៅ?”

កង្កែប​គ្រវី​ក្បាល អណ្ដើក​ក៏​និយាយ​បន្ត…

“យើង​ជា​អ្នក​រស់​នៅ​ក្នុង​សមុទ្រ ដែល​ហៅ​ថា​សមុទ្រ​នោះ​គឺ​វា​មាន​តែ​ទឹក​ដាច់​កន្ទុយ​ភ្នែក មើល​ទៅ​គ្មាន​កោះ​ត្រើយ ផ្ទៃ​ដី​រាប់​ពាន់​យោជន៍​ក៏​មិន​អាច​ប្រៀប​នឹង​សមុទ្រ​បាន ភ្នំ​ខ្ពស់​កប់​ពពក ពេល​យក​វា​មក​ទម្លាក់​ក្នុង​សមុទ្រ​​ វា​នឹង​លិច​បាត់​រក​កំពូល​មិន​ឃើញ កាល​ពី​សម័យ​មាន​ទឹក​ជំនន់​រហូត​ដល់​៩​ឆ្នាំ ទឹក​សមុទ្រ​ក៏​មិន​កើន​សូម្បី​តែ​មួយ​ចម្អាម ហើយ​កាល​ពី​សម័យ​ដែល​មាន​គ្រោះ​រាំង​ស្ងួត​រហូត​ដល់​៧​ឆ្នាំ ក៏​ទឹក​សមុទ្រ​មិន​បាន​ស្រក​សូម្បី​មួយ​បន្តិច​ណា​សោះ។ យើង​រស់​នៅ​ក្នុង​សមុទ្រ​ប្រកប​ដោយ​សេរីភាព​យ៉ាង​ពេញ​បរិបូណ៍​គ្មាន​អ្វី​មក​រា​រាំង​សង្កត់​សង្កិន​បន្តិច​ឡើយ”។

“តើ​ឯង​យល់​យ៉ាង​មិច​ដែរ​អំពី​សេចក្ដី​សុខ​ក្នុង​សមុទ្រ​នេះ?”

កង្កែប​ស្តាប់​ហើយ បើក​ភ្នែក​ឡិ​ឡក់​និយាយ​មិន​ចេញ…។

💡 កង្កែប​ក្នុង​អណ្ដូង​បាន​​ដឹង បាន​ឃើញ​អ្វី​តិច​តួច​បំផុត ធ្វើ​ឲ្យ​គេ​មាន​អំនូត​នឹង​បច្ចប្បន្នភាព​របស់​ខ្លួន។ ដោយ​សារ​តែ​ដឹង​រឿង​តិច​ពេក ទើប​ធ្វើ​ឲ្យ​គេ​គិត​ថា ពិភព​លោក​ដ៏​អស្ចារ្យ​មាន​ត្រឹម​តែ​មួយ​បាត​អណ្ដូង​នេះ​ឯង។ កង្កែប​ពេល​ស្ដាប់​ដឹង​ថា​សមុទ្រ​ធំ​ធេង​ដូច​ម្ដេច​ហើយ វា​មាន​ភាព​ខ្មាស់​អៀន​ខ្លះៗ​គួរ​ឲ្យ​អាណិត តែ​មាន​មនុស្ស​មួយ​ចំនូន​ដែល​មាន​សភាព​ដូច​ជា​កង្កែប​នេះ​ដែរ ទោះបី​ដឹង​ថា ខ្លួន​មាន​គំនិត​ចាស់​គម្រិល​យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​តែ​បន្ត​អួត​អាង​មិន​ចេះ​ខ្មាស់​ដដែល។ ក្នុង​នាម​មនុស្ស​ដ៏​ពេញ​លេញ​ម្នាក់ វា​សមរម្យ​ណាស់​ដែល​យើង គួរ​ហ្វឹក​ហាត់​ទទួល​ស្គាល់​ពី​ភាព​ធំធេង​នៃ​ធម្មជាតិ ភាព​ធំធេង​នៃ​បច្ចេកវិទ្យា ពត៌មាន ចំណេះ​ដឹង បញ្ញា… ភាព​ធំ​ធេង​នៃ​អំណាច​ដ៏​បរិសុទ្ធ កិត្តិយស​ដ៏​បរិសុទ្ធ​ឲ្យ​បាន​​ស៊ី​ជម្រៅ​យ៉ាង​ពិត​ប្រាកដ បើ​មិន​ដូច្នេះ​ទេ អណ្ដើក​នឹង​សើច​ចំអក​ឲ្យ​ជា​មិន​ខាន។

ដកស្រង់ចេញពីសៀវភៅនិទានប្រាជ្ញា

Advertisements

One comment on “កង្កែប​ក្នុង​អណ្ដូង​

  1. ឃើញ​អត្ថបទ​ហ្នឹង​ នឹក​ឃើញ​កំណាព្យ​បុរាណ​មួយ

    ខ្លៅប្រៀនរៀនស្តាប់បានតិចតួច សម្គាល់ខ្លួនស្រួចឥតចេះទាល់
    មិនចេះពុទ្ធពេចន៍នៅសេសសល់ ដូចកលកង្កែបបែបកម្លៅ ។
    នៅក្នុងអណ្តូងរណ្តៅទាល់ មិនដែលទៅស្គាល់សមុទ្រជ្រៅ
    សម្គាល់អណ្តូងដែលខ្លួននៅ ថាជ្រៅថាធំលើសនានា ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s