ខ្មែរដាស់ខ្មែរ!

បងកវី—កំណាព្យ«ខ្មែរដាស់ខ្មែរ» ខ្ញុំ​ចាប់​ផ្តើម​និពន្ធ នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មេសា​ ឆ្នាំ១៩៩០ ប្រើ​ពេល​ជិត​មួយ​ខែ​ ទើប​បញ្ចប់។ នឹង​ថា​ខ្ញុំ​មាន​បំណង​រិះ​គន់​នរណាម្នាក់​ក៏​ទេ​ដែរ ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញពីទឹក​ចិត្ត​យុវវ័យ​ម្នាក់ (កាល​ខ្ញុំ​អាយុ​១៧​ឆ្នាំ)​ ដែលឃ្លាតចាកឆ្ងាយពីគ្រួសារ និងមាតុភូមិ ដោយសារស្រុកកើតសង្គ្រាម។

១/. សាវតាចែងចារខេមរាចាំ                           ជាច្រើនរយឆ្នាំខ្មែរធ្លាក់ខ្លួន
បាត់បង់ទឹកដីទៅសៀម-យួន ​​                          ជាតិចោរចាំក្បួនពីតាដូន។

២/. រីខ្មែរថយថោកខូចពូជធារ                         នាមជាតិអ្នកជារលាយសូន្យ
រស់ស្ទើរស្មើចាមអាស្រ័យក្បូន                         គិតគេចវេចលូនពួនកាយា។

៣/. អង្គររុងរឿងថ្កើងអនេក                              ខ្មែរសប្បាយពេកភ្លេចការពារ
សៀមចូលទន្ទ្រានយើងរួញរា                           ធានីធំធារនិរាសហោង។

៤/. លង្វែកសង្ហាថាស្តុកស្តម្ភ                            ឫស្សីលានគុម្ពជារបង
ខ្មាំងប្រើប្រាក់ដួងព្រាចចូលផង                        ខ្មែរប្រាបរបងដោយដៃឯង។

៥/. ឧត្តុងតូចទាបទុក្ខក្រៀមក្រំ                         ត្រូវចោរចាប់ជុំឥតគិតក្រែង
ឆក់ប្លន់សម្លាប់មិនលើកលែង                            រាស្ត្ររងចំបែងបាក់បាចសាច។

៦/. ចតុម្មុខមង្គលខ្សួលឥតអាក់                        អាគន្តុកៈប្រើអំណាច
ដូនពេញកូនភ្នំយំព្រោះខ្លាច                                ពួកមារកោងកាចជ្រៀកចែកដី។

៧/. លិច-ជើងរួញតូចដួចដល់ភ្នំ                        ព្រះវិហារយំស្លុតស្មារតី
ខ្លាចទមិឡកំណាចអន្យតិរ្ថិយ                             ឆាបឆក់ប្រល័យពីដៃខ្មែរ។

៨/. កើត-ត្បូងរន្ធត់ស្រយុតប្រាណ                    ពលពាលសាមាន្យចិត្តថ្លើមឆ្កែ
បុករុកទន្ទ្រានគ្មានពេលល្ហែរ                               ភពផែនដីខ្មែរបង់អស់ឆោម។

៩/. ស្រណោះពូជខ្មែរប្រាសនិរាស                   ខណ្ឌចែកអាកាសខ្មែរលើ-ក្រោម
កណ្តាលសោយសោករស់ប្រឈម                    អបលក្ខណ៍ព័ទ្ធចោមមិនប្រណី។

១០/. ទុក្ខម្នោទោរម្នេញពេញដួងចិត្ត                 រកកលវិបរិតជិតក្សិណក្ស័យ
ខ្សិកខ្សួលរំជួលរាល់យប់ថ្ងៃ                                 ដូចព្រាយចង្រៃតាមបន្លាច។

១១/. នេះហេតុនរណានាំអម្ពល់                        មិនគឺខ្មែរខ្វល់តែអំណាច
ដណ្តើមកាប់ចាក់បក្ខប្រសាច                             ក្អេងក្អាងកោងកាចចិត្តអប្រីយ៍។

១២/. ប្រចឹកប្រខាំគ្នាវក់វី                                     ហែកខ្ទេចហែកខ្ទីគ្មានប្រណី
លើសអស់សត្វផងតាមដងព្រៃ                         ដណ្តើមចំណីឆីរៀងអាយ។

១៣/. ឧបមេយ្យឲ្យលើសពីឈ្លើងទាម           ជញ្ជក់យកឈាមសត្វទាំងឡាយ
ទោះឆ្អែតក៏ខំបឺតរាយមាយ                                មិនព្រមលែងងាយឆ្ងាយចំណី។

១៤/. ពុំនោះដូចកល់លើសខ្លាធំ                      ឃើញម្រឹគជួបជុំមិនអាល័យ
ខឹងស្ទុះក្រញ៉ីម្រឹគអម្បាយ                                 ឲ្យលុះអន្តរាយគ្មានសល់សេស។

១៥/. ពុំនោះដូចពាក្យចាស់ពោលផ្សំ              មនុស្សដើរដោយភ្នំព្រៃប្រទេស
បានស្ករទឹកឃ្មុំពួនក្រអេស                                ប្រឹងសុំវេចវេសតែឯងផង។

១៦/. កិបកេងប្រវ័ញ្ចគ្មានកេរខ្មាស                 ប្រស្តែងប្រកាសតាមបំណង
អញល្អអញខ្លាំងពេកកន្លង                               លើសអស់មនុស្សផងលើផែនដី។

១៧/. អួតឯងរឿងរង្សពង្សឬទ្ធី                        អង្គអញឥន្ទ្រីយ៍កន្លងក្រៃ
កម្មម្តេចរួញតូចតែទឹកដី                                    ទោះអ្នកម្ចាស់ថ្លៃថ្កើងសក្តា។

១៨/. ខ្មែរអើយភ្ញាក់ឡើងឈប់ល្ងង់ខ្លៅ        ប្រយ័ត្នកូនចៅវាដៀលថា
ផ្ទះអញចង្អៀតហេតុដូនតា                              ហែកហួរប្រហារការចៅហ្វាយ។

១៩/. ងប់ងុលមិនគិតប្រយោជន៍ជាតិ            នគររឹតត្បៀតក៏សប្បាយ
រាស្ត្រស្លាប់សែនលានគ្មានខ្វល់ខ្វាយ              បរទេសជាន់កាយមិនបម្រះ។

២០/. មរតកសាវតាច្រើនពេកហើយ              ដេកលក់ព្រងើយគ្មានអ្នកដាស់
មិនប្រឹងបើកភ្នែកឲ្យស្រឡះ                             លាងចិត្តវិបល្លាសឲ្យជ្រះស្អាត។

២១/. ខ្មែរអើយឈប់អួតពីអំណាច                 ខ្មែរអើយឈប់កាចកោងហួសខ្នាត
ខ្មែរអើយឈប់ឈ្លោះគ្មានបទបាទ                  ខ្មែរអើយឈប់ឃ្លាតញាតិបងប្អូន។

២២/. ខ្មែរអើយឈប់កាប់សម្លាប់ខ្មែរ             ខ្មែរអើយឈប់ប្រែខ្មែរឲ្យសូន្យ
ខ្មែរអើយឈប់ចង់គង់ដោយក្បូន                   ខ្មែរអើយឈប់លូនដូចតិរច្ឆាន។

២៣/. ខ្មែររស់ខ្មែរស្លាប់ដោយដៃខ្មែរ              ខ្មែរចេះកែប្រែខ្មែរក្លាហាន
ខ្មែរចាំសាវតាខ្មែរប្រែប្រាណ                            ខ្មែរមិនសាមាន្យខ្មែរអ្នកជា។

២៤/. ខ្មែររក្សាជាតិខ្មែរថ្លាថ្លៃ                            ខ្មែររក្សាដីខ្មែរធំធារ
ខ្មែររក្សាញាតិខ្មែរពុះពារ                                   ខ្មែររក្សាកេរ្តិ៍ខ្មែរសប្បាយ។

២៥/. ខ្មែរអើយភ្ញាក់ឡើងខ្មែរសាមគ្គា           ខ្មែរបែកបាក់គ្នាខ្មែរអន្តរាយ
ខ្មែរមូលចងមិត្តខ្មែរពណ្ណរាយ                         ខ្មែររួមចិត្តកាយខ្មែរសុខសាន្ត។

២៦/. ខ្មែរអើយក្រោកឡើងខ្មែរសាមគ្គី         ញាតិខ្មែរមូលមីផៅសណ្តាន
លើ-កណ្តាល-ក្រោមចិត្តហៅហាន                ខ្មែររស់ថ្កើងថ្កាននិរន្តអើយ។

និពន្ធ ៖ សុរិយ វង្ស ទេវ័ន្ត
-ផ្តើមថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៩០ ចប់ថ្ងៃទី១៤ ឧសភា ឆ្នាំ១៩៩០
-កែសម្រួលបញ្ចប់ថ្ងៃទី១២ ខែមេសា ឆ្នាំ១៩៩១

Advertisements

2 comments on “ខ្មែរដាស់ខ្មែរ!

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s